• ក្នុងពេល ៣ថ្ងៃជាប់គ្នា ឃាត់បានរថយន្ត ៣គ្រឿង ជ្រូក៣៨ក្បាល ដែលដឹកខុសច្បាប់នាំចូលពីវៀតណាម

    (ត្បូងឃ្មុំ)៖ ក្រោយមានផ្ទុះជំងឺ ប៉េស្តជ្រូកអាហ្វ្រិក ដែលធ្វើឲ្យជ្រូកបានស្លាប់រាប់លានក្បាលនោះ លោកអភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ត្រីជំនាញ និងកងកម្លាំងទាំង៣ រយៈពេល ៣ថ្ងៃជាប់ៗគ្នានេះ ពោលគឺថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០១៩ បានសហការ ធ្វើការចាប់បង្ក្រាបបានបន្ថែមទៀត ដោយឃាត់បានរថយន្តចំនួន៣គ្រឿង មនុស្ស៣នាក់ និងជ្រូកចំនួន៣៨ក្បាល ។

    បច្ចុប្បន្ន ជ្រូកទាំង ៣៨ក្បាលត្រូវបានប្រគល់ឲ្យទៅជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធី រីឯរថយន្ត និងមនុស្ស ត្រូវបានឃាត់និងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនីតិវិធី។

    ជាមួយគ្នានេះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវផងដែរដល់បងប្អូន ដែលដឹកជញ្ជូន និងអ្នកចាំទទួលទិញ ជ្រូកខុសច្បាប់ទាំងអស់ មេត្តាបញ្ឈប់នូវសកម្មភាព បទល្មើសទាំងនេះតទៀត ព្រោះត្រូវប្រឈមទទួលនូវទោសដោយច្បាប់ ពិសេសវាប៉ះពាល់បំផុតដល់សុខភាពអ្នកបរិភោគ បើសិនជ្រូកនាំចូលទាំងនោះផ្ទុកនូវជំងឺ។

    លោកក៏បានសំណូមពរឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលដឹងនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ពិសេសករណីការដឹកជញ្ជូនជ្រូកនេះ សូមរាយការណ៍ទៅមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ឲ្យបានរាល់បទល្មើសទាំងអស់ ពិសេសការនាំចូលជ្រូកដោយខុសច្បាប់នេះ ដែលជាប្រភពជំងឺប៉េស្តជ្រូកអាហ្វ្រិក ពីប្រទេសជិតខាង ចូលទឹកដីកម្ពុជា ពិសេសលើទឹកដីខេត្តត្បូងឃ្មុំតែម្តង។

    លើសពីនេះទៅទៀត បើមានសេចក្តីរាយការណ៍ពីប្រភពព័ត៌មានច្បាស់ការនានាថា មន្ត្រីណា ឬសមត្ថកិច្ចណា ហ៊ានឃុបឃិតជាមួយឈ្មួញ បើកដៃអោយមានការនាំចូលជ្រូកនោះ ដាច់ខាតលោកនឹងចាត់វិធានការជាធរមាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ