• អ្នកនិពន្ធ​ចម្រៀង​ល្បី​ យឹម តាស្រង់ ចង់​លើកស្ទួយ​ជន​ពិការ​មាន​ទេព​កោសល្យ​សិល្បៈ​ឲ្យ​ល្បី​

    ភ្នំពេញៈ ក្រោយ​ពី​ចាក​ចេញ​ពី​ផលិត​កម្ម​ល្បី​ទ្រនំ​ថោន មួយ​រយៈ​មក​បង្កើត​​ក្រុម​ហ៊ុន​ខ្លួន​ឯង​ មាន​ឈ្មោះ​ថា «Home Music» ដែល​ផ្ដោត​លើ​ចម្រៀង ​​កំប្លែង​ៗ​ និង​កម្មវិធី​កម្សាន្ត​​ផ្សេងៗ​ និង​ក៏ជា​អ្នក​កាន់​ការងារ​ផ្នែក​​​​ដឹក​នាំ​ទូទៅនៅ​ផលិត​កម្ម​ថ្មី​គឺ​ផលិត​កម្ម​ Galaxy Navatra មក​នោះ​ អ្នកនិពន្ធ​ទំនុក​ច្រៀង​ និង​ទំនុក​ភ្លេង​​ល្បី​​លោក យឹម តាស្រង់ ហាក់​មាន​ចេត​នា​ចង់​មក​ផ្តួច​ផ្តើម​ជួយ​ជន​ពិការ​​វិញ​ម្តង​នៅ​លើ​វិថី​សិល្បៈ​។​

    នេះ​បើ​តាម​សម្តី​របស់​​កវី​ទំនុក​ច្រៀង និង​ភ្លេង​ល្បី​​ខ្លាំង​ លោក យឹម តាស្រសង់ ដែល​ធ្លាប់​និពន្ធ​បទ​ចម្រៀង​​ជួយស្ទួយ​តារា​ចម្រៀង​ប្រុស​ស្រី​នៅ​ទ្រនំ​ចាស់​​ឲ្យ​មាន​ប្រជា​ប្រិយ​ភាព​ល្បី និង​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​នាក់ និង​ច្រើន​ឆ្នាំ​កន្លង​មក​នោះ បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ឲ្យ​ដឹង​ពី​លោក​​​​ប្រកាស​ជួយ​និពន្ធ​​បទ​ចម្រៀងឲ្យ​​​យុវ​ជន​ពិការ​ ដោយ​សារ​មាន​ជំងឺ​ស្វិត​ដៃ​ជើង​​ ប្រាក់ សុផាន់ណា​ នា​ពេល​ថ្មីៗ​នេះ។​

    លោក យឹម តាស្រង់​ ប្រាប់​ថា៖ «តាម​ពិត​ទៅ!​គម្រោង​ជួយ​ទៅ​ដល់​ជន​ពិការ​ ដែល​មាន​ទេព​កោសល្យ​ផ្នែក​​សិល្បៈ​​គឺ​​ ខ្ញុំបាន​ចិញ្ចឹម​គិតទុក​យូរ​មក​ហើយ ​ខណៈ​​ពេល​នេះស្រប​​នឹង​គំនិត ​របស់​លោក​ឧកញ្ញ៉ា​ ឡេង ណាវ៉ាត្រា ក៏​ចង់ជួយ​ដល់​ពួកគាត់​ដែរ​នោះ ​​ខ្ញុំ​ក៏​ចាប់​ផ្តើម​តែ​ម្តង​ ដោយ​បាន​ជួយទៅ​​ដល់​ប្អូន​ប្រុស សុ​ផាន់ណា មុន​គេ​។ ក្រោយ​ពី​បានជួប​គាត់​មក ខ្ញុំ​ចូល​រួម​ជួយ និង​ផ្តល់​សិទ្ធិ​ឲ្យ​គាត់ [យុវជន​ពិការ​ ប្រាក់ សុផាន់ណា​] ជ្រើស​​រើស​យក​​ការ​និពន្ធ​បទ​​ចម្រៀង​ដោយ​ខ្លួន​ឯង​ខ្លះ​ផងដែរ​​ សរុប​ទៅ​យើង​កំពុង​តែ​ធ្វើ​បទ​ចម្រៀង​បាន​ចំនួន​បី​បទ​សម្រាប់​គាត់​ ហើយ​ក៏​គ្រោង​ចេញ​ផ្សាយនូវ​​បទចម្រៀង​​ទាំង​នោះ ​នៅ​​ខែ​ក្រោយ​តាម​​​ Channel របស់ ​«Home Music»។ ​​

    កវី​ដែល​បាន​ដើរ​ចេញ​ពី​ទ្រនំ​ថោន ក្រោម​មូល​ហេតុ​មិន​មាន​​ការ​អាក់​អន់​ចិត្ត ឬ​ខឹង​​ម្ចាស់​ផលិត​​កម្ម​គឺ​​មក​ពី​​លោក​ចង់​រក​ផ្លូវ​ដើរ​មួយ​ដោយ​ខ្លួន​ឯង ក្រោយ​ពី​ធ្វើ​ការ​​ឲ្យ​គេ​ជាង ​១០​ ឆ្នាំ ​មក​​ហើយ​​នោះ​ បា​ន​បន្ត​ទៀត​ថា៖ «ធ្លាប់​បាន​ជួយ​អ្នក​សិល្បៈ​ ដែលជា​មនុស្ស​មាន​កាយ​សម្បទាន​ល្អ​ច្រើន​នាក់​មក​ហើយ ខណៈ​ពេល​នេះ​ចង់​មក​ជួយ​ដល់​បង​ប្អូនជា​ជន​ពិការ​វិញ​ម្តង ​ព្រោះ​ថា​ពួកគាត់​ហាក់​ដូចជា​ត្រូវ​បាន​គេ​មើល​រំលង​ពី​សមត្ថ​ភាព ឬ​ទេព​កោសល្យ​សិល្បៈ​របស់​ពួកគាត់​ បើ​ប្រៀប​ទៅ​នឹង ​ជន​ពិការ​ នៅ​ក្រៅ​ប្រទេស​ឬ​ប្រទេស​ជិត​ខាង​យើង​នោះ​​។ ដូច្នេះ​ហើយ​ ខ្ញុំ ក៏​ដូចជា​លោក​ឧកញ្ញ៉ា​ ឡេង ណាវ៉ាត្រា ក៏​មាន​បំណង​ជួយ​ពួកគាត់​ផង​ដែរ​នោះ ទើប​ក្តី​បំណង​ដែល​ខ្ញុំ​គួច​ចិត្ត​ជា​យូរ​មក​ហើយ​ បាន​ដល់​ពេល​ត្រូវ​ធ្វើ​វា​ហើយ»។​

    នា​ពេល​នេះ ​លោក យឹម តា​ស្រង់ ​ក្រៅ​ពី​បាន​បើក​ក្រុម​ហ៊ុន​ខ្លួន​ឯងមាន​ឈ្មោះ​ថា «Home Music» ដែល​ផ្ដោត​លើ​ចម្រៀង ​​កំប្លែង​ៗ​ និង​កម្មវិធី​កម្សាន្ត​​ផ្សេងៗនោះ លោកក៏​បាន​ប្រមែ​ប្រមូល​​បាន​​តារា​ចម្រៀង​ល្បី​ៗ​មក​​ចូល​រួម​នៅ​ក្នុង​ផលិត​កម្ម ​Galaxy Navatra ផង​​ដែរ​ ដូច​ជា ​កុមារា ធឿន បូ​រី ​អ្នក​នាង រ័ត្ន រចនា កុមារី អ៊ុក សុវណ្ណារី និង​តារា​ចម្រៀង​​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ