• ចំពោះ​អ្នក​ខុស​ឈ្មោះ​ក្នុង​សំបុត្រកំណើត ចង់​កែតម្រូវ​គ្មាន​អី​ពិបាក​គ្រាន់តែ​ត្រូវ​ភ្ជាប់​ឯកសារ​ទាំងនេះ

    ភ្នំពេញ​ ៖ ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ កាលពី​ថ្ងៃទី​១២​មិថុនា បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​មិនតិច​ឡើយ​តែង​ជួបប្រទះ​បញ្ហា​ចំពោះ​ឯកសារ​សំខាន់ៗ​ក្នុង​ជីវិត ដូចជាអ្នកខ្លះ​ខុសឈ្មោះ​ក្នុង​សំបុត្រកំណើត ហើយ​ចង់ដឹងថា ​ប្រសិនបើ​ចង់​កែតម្រូវ​ត្រូវធ្វើ​យ៉ាងណាខ្លះ​? តទៅ​នេះ​ជាការ​ចែករំលែក​បទពិសោធ​ន៍​ពី​ពលរដ្ឋ​ម្នាក់​ទើបតែ​ទៅ​កែតម្រូវ​ឈ្មោះ​ក្នុង​សំបុត្រកំណើត​កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៩ នៅឯ​តុលាការខេត្ត​ត្បូងឃ្មុំ។​

    លោក​ឱ្យដឹងថា ករណី​ខុស​ឈ្មោះ​ក្នុង​សំបុត្រកំណើត បុគ្គល​ដែលជា​អ្នក​ចង់​កែតម្រូវ ត្រូវ​ទៅកាន់​តុលាការខេត្ត​របស់ខ្លួន​ដែល​ភ្ជាប់​ទៅជា​មួយ​សំបុត្រ​បញ្ជាក់​កំណើត​ដែល​ខុស​ឈ្មោះ​នោះ ព្រមទាំង​ឯកសារយោង​មួយចំនួន​ដែលមាន​ឈ្មោះ​ត្រឹមត្រូវ ដូចជា ៖

    ១. អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​

    ២. វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​បឋមភូមិ​

    ៣. វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​ទុតិយភូមិ​

    ៤. សញ្ញាបត្រ​បរិញ្ញាបត្រ​

    ៥. វិញ្ញាបនបត្រ ឬ ប័ណ្ណសរសើរ​ផ្សេងៗ​ដែល​ទទួលបាន​កន្លង​មក ។​

    ​សូមបញ្ជាក់ថា ឯកសារយោង​នេះ គឺ​មិន​ដូចគ្នា​ឡើយ អ្នកខ្លះ​មាន​ត្រឹម​បាក់​ឌុប ឬ ឌី​ប្លូ​ម ឬ អ្នក​ខ្លះទៀត មានតែ​លិខិតបញ្ជាក់​ផ្សេងៗ តែ​ហោចណាស់​ត្រូវ​ភ្ជាប់​ទៅជាមួយ​យ៉ាងហោចណាស់ ឱ្យបាន​ពីរ​ទៅ​បីសន្លឹក​ក្រៅពី​អត្តសញ្ញាណប័ណ្ណ ទើប​មន្ត្រី​ព្រម​ជឿជាក់ និង​ធ្វើការ​កែតម្រូវ​ជូន ។ ក្រោយ​ភ្ជាប់​ឯកសារយោង​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា យើង​ពិតជា​ឈ្មោះ​បែបនេះ​មែន នោះ​មន្ត្រី ឬ បុគ្គលិក​បណ្ដែត​ក្នុង​តុលាការខេត្ត ឬ ក្រុង នឹង​ឱ្យ​ពាក្យ​បំពេញ​សុំ​កែតម្រូវ បន្ទាប់ពី​បំពេញ និង ផ្ដិតមេដៃ​ហើយ បងប្អូន​ត្រូវ​បង់ថ្លៃ​ពន្ធ​ត្រឹមតែ ៥ ០០០ រៀល​ប៉ុណ្ណោះ​ជាការ​ស្រេច ។ ក្រោយ​បំពេញ​ពាក្យស្នើសុំ​កែតម្រូវ​បាន ១ ទៅ ២ សប្ដាហ៍ ទើប​ក្រុមការងារ​ទាក់ទង​ដើម្បី​ទៅ​ទទួល​តាមរយៈ​លេខ ទូរស័ព្ទ​ដែល​ដាក់ក្នុង​ពាក្យស្នើសុំ​នោះ ។​

    ​នគរបាល​ស្រុក​មេមត់ បាន​បញ្ជាក់ថា កន្លងមក​អគ្គនាយក​ដ្ឋា​ន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​ក៏បាន​ឱ្យដឹង​ដែរ​ថា ប្រសិនបើ​បងប្អូន​ចង់​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ អាច​អញ្ជើញ​ទៅកាន់​ទីតាំង​មួយចំនួន​ដូចជា ៖

    ១.​នាយកដ្ឋាន​អត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណ​កម្ម នៃ​ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាន​នៅ​ផ្លូវជាតិ​លេខ​១ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ (​ទល់មុខ​បុរី ប៉េង​ហួត បឹង​ស្នោ​) ។​

    ២.​សាលាក្រុង ស្រុក ខណ្ឌ នៃ​ទីតាំង​ដែល​បញ្ជី អត្រានុកូលដ្ឋាន​របស់​សាមីខ្លួន​បាន​នឹង​កំពុង​រក្សាទុក ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ