• ឥណ្ឌា ត្រៀមជម្លៀសខ្លួនរាប់សែននាក់ទៀត ដោយសារព្យុះកំណាច Vayu កំពុងសំដៅមករដ្ឋភាគខាងលិច!

    (ញូដេលី)៖​ ប្រជាជនប្រមាណ ៣០០,០០០នាក់ ដែលកំពុងរស់នៅតាមបណ្តាយឆ្នេរសមុទ្រ​នៃរដ្ឋ ហ្គូចារ៉ាត់ (Gujarat) និងដែនដីឌុយ (Diu) ភាគខាងលិចប្រទេសឥណ្ឌា កំពុងរៀបចំជម្លៀសខ្លួន​ចេញពីលំនៅឋានរបស់ពួកគេហើយ បន្ទាប់ពីអាជ្ញាធរបានប្រកាសឲ្យដឹងថា ព្យុះស៊ីក្លូនដែលមាន​ល្បឿនខ្យល់បោកបក់ពី ១៤០-១៥០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងតែចល័តមកកាន់តំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

    ព្យុះស៊ីក្លូនដែលមានឈ្មោះថា វ៉ាយុ (Vayu) ខាងលើនេះត្រូវបានអាជ្ញាធរឧតុនិយមឥណ្ឌា​គណនាថាមានសន្ទុះវាយប្រហារខ្លាំង ហេតុដូច្នេះទើបប្រជាជនដែលងាយរងគ្រោះ ត្រូវតែភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាព ដែលស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រ។ អាជ្ញាធរឥណ្ឌាប្រចាំរដ្ឋ និងតំបន់ខាងលើនេះ បានត្រៀមជម្រកបណ្តោះអាសន្នប្រមាណ ៧០០កន្លែង ដើម្បីទទួលប្រជាជនទាំង ៣០០,០០០នាក់ខាងលើរួមជាមួយនឹង​ក្រុមសង្គ្រោះបន្ទាន់ប្រមាណ ៣៩ក្រុមមកពីក្រសួងស្ថាប័ននានាព្រមទាំងយោធាថែមទៀត។

    គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅនេះ ព្យុះកំណាចមួយក៏បានវាយប្រហារប្រទេសឥណ្ឌា​ផងដែរទៅលើរដ្ឋភាគខាងកើតប្រទេសជាប់សមុទ្រប៊ឹងហ្គាល់ ដោយកាលណោះបានបណ្តាល​ឲ្យមនុស្សខ្ទង់ ៧០នាក់បាត់បង់ជីវិត និងបង្កឲ្យលំនៅឋានប្រជាជនរាប់ពាន់ខ្នង​រងការបំផ្លិចបំផ្លាញ។ ដោយឡែកចំពោះមុខព្យុះកំណាចលើកនេះ អាជ្ញាធរឥណ្ឌាបានប្តេជ្ញាថា នឹងព្យាយាមការពារសុវត្ថិភាពប្រជាជនឲ្យដល់ទីបំផុត ដោយមិនបណ្តោយឲ្យមាននរណាម្នាក់​រងគ្រោះដល់បាត់បង់ជីវិតនោះឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ