ទីបំផុត លោក ប្រាយុទ្ធ ចាន់អូចា ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ​ពេញ​សិទ្ធិ ក្រោយ​ព្រះ​មហា​ក្សត្រ​ចេញ​រាជ​ក្រឹត្យ​ទទួល​ស្គាល់!

(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានចេញព្រះរាជក្រឹត្យទទួល ស្គាល់លោក ប្រាយុទ្ធ ចាន់អូចា ជានាយករដ្ឋមន្ត្រីថៃទី ២៩ ជាផ្លូវការហើយនៅរសៀលថ្ងៃអង្គារនេះ ហើយវាក៏ជា អាណត្តិទីពីររបស់លោកផងដែរ បើទោះជាសមាសភាពរដ្ឋាភិបាលចម្រុះ នៅមានភាពស្រពិចស្រពិលក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩។

នៅកំឡុងពិធីទទួលស្គាល់នៅរសៀលថ្ងៃអង្គារនេះ ដោយគ្មានព្រះរាជវត្តមានព្រះបាទ Maha Vajiralongkorn លោក ប្រាយុទ្ធ បានបង្ហាញគំនិតសុទិដ្ឋិនិយមជាមួយការស្បថស្បែរថា លោកនឹងថែរក្សាការពារសន្តិភាព និងការឯកភាពជាតិរបស់ប្រទេសថៃទាំងមូល។ លោក បា្រយុទ្ធ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងលើកកម្ពស់ បរិយាកាសសន្តិភាព និងឯកភាពនៅក្នុងសង្គម ដោយឈរលើក្ដីស្រឡាញ់ ការឯកភាពជាតិ និងការអធ្យា ស្រ័យឱ្យគ្នាទៅវិញទៅមក… ហើយមិនតែប៉ុណ្ណោះ ខ្ញុំក៏សូមសន្យាផងដែរថា នឹងការពារសេចក្ដីថ្លៃថ្នូររបស់ ស្ថាប័នរដ្ឋ សាសនា និងរបបរាជានិយម ដែលជាទីស្រឡាញ់របស់ប្រជាជនថៃ»។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃកាលពីសប្ដាហ៍មុន ដោយទទួលបាន សំឡេងគាំទ្រពីសមាជិកសភាចំនួន ៥០០សំឡេង ក្នុងចំណោមសមាជិកសភាសរុប ៧៥០នាក់។ ការជាប់ជា នាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះ គឺមានន័យថា លោកលែងមានឈ្មោះជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលយោធាទៀត ហើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ