• កីឡាគុនដាវ៖ យុវនារីខ្មែរ យកឈ្នះមេដាយមាស ជើងឯកសាកលវិទ្យាល័យអាស៊ី លើកដំបូងនៅសិង្ហបុរី

    (ភ្នំពេញ)៖ កីឡាគុនដាវកម្ពុជា បានបំបែកកំណត់ត្រា ដណ្ដើមបានមេដាយមាសលើកដំបូង នៅក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី បន្ទាប់ពីដណ្ដើមបានមេដាយមាស ១ និងប្រាក់ ១ សម្រាប់ការប្រកួតថ្ងៃចុងក្រោយកាលពីម្សិលមិញ ។

    លោកស្រីវេជ្ជបណ្ឌិត សុខា សុធានី ប្រធានប្រតិភូកីឡាគុនដាវបានឲ្យដឹងថា សរុបបេសកកម្មរយៈពេល ៣ថ្ងៃ នៃការចូលរួមព្រឹត្តិការណ៍កម្រិតអាស៊ីខាងលើ កម្ពុជាដណ្ដើមបានមេដាយ ៤គ្រឿង រួមមានមេដាយមាស ១, ប្រាក់ ១ និងសំរឹទ្ធ ២ ។ ចំពោះមេដាយមាស និងប្រាក់ គឺដណ្ដើមបាននៅថ្ងៃចុងក្រោយ ដោយមេដាយមាស ដណ្ដើមបានលើវិញ្ញាសានារីដាវធំជាក្រុម ដោយមាន ៦ក្រុមចូលរួម និងមេដាយប្រាក់ ដណ្ដើមបានលើវិញ្ញាសានារីដាវកាប់ជាក្រុម មាន៧ក្រុមចូលរួម ។

    លោកស្រីបន្ដថា សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែង និងការហ្វឹកហាត់ត្រៀមតាំងពីឆ្នាំ២០១៨ ដោយផ្អែកលើផែនការមេរយៈពេល ៥ឆ្នាំរបស់សហព័ន្ធ(ឆ្នាំ២០១៧-២០២១) ។ ជាក់ស្ដែងក្រោយអនុវត្តផែនការនេះ សហព័ន្ធបានទទួលសមិទ្ធផលល្អជាបន្ដបន្ទាប់ ដោយឆ្លុះបង្ហាញតាមរយៈការឈ្នះមេដាយប្រាក់ ១ និង សំរឹទ្ធ ២ កាលពីឆ្នាំ២០១៧ និងឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៣ កាលពីឆ្នាំ២០១៨ រហូតអត្តពលិកកម្ពុជា អាចសម្រេចគោលដៅឈ្នះមេដាយមាសលើកដំបូង ១គ្រឿង, ប្រាក់ ១ និងសំរឹទ្ធ ២ ក្នុងឆ្នាំនេះ ។

    តាមរយៈជោគជ័យលើកនេះ លោកស្រីរំពឹងថា ក្ដីស្រមៃរបស់សហព័ន្ធ នឹងអាចទទួលបានសិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ និងត្រៀមខ្លួនសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ម្យ៉ាងសហព័ន្ធ ក៏បានស្នើគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍(CAMSOC), ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួយសម្រួល និងពន្លឿនការងារឲ្យបានលឿន ដើម្បីជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកនេះកាន់តែរីកចម្រើនផងដែរ ។

    សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ ដែលធ្វើឡើងនៅប្រទេសសិង្ហបុរី បានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមិថុនា ដោយមានអត្តពលិកមកពី ១៨វិទ្យាស្ថានអប់រំ ស្មើនឹងកីឡាករ-កីឡាការិនី ១៧៣នាក់ចូលរួម ក្នុងនោះកម្ពុជា ក៏បានបញ្ជូនកីឡាករ ៤រូប និងកីឡាការិនី ៥រូបចូលរួមផងដែរ ក្រោមការជំរុញ និងឧបត្ថម្ភពីលោក តែ ឡូរិន ប្រធានសហព័ន្ធ និងជាម្ចាស់សាលាវេស្ទើន និងលោក ប៉ិច សុធី ម្ចាស់មន្ទីរពេទ្យសម្ពពសោភា-ហ្គោល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ