កម្ពុជា បំបាក់ក្រុមភ្ញៀវប៉ាគីស្ថាន ២-០ ក្នុងជើងទី១ នៃវគ្គជម្រុះ FIFA World Cup 2022

(ភ្នំពេញ)៖ ជំនួបជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន បានបញ្ចប់ការប្រកួតហើយ ដោយក្រុមម្ចាស់ផ្ទះបានលត់ក្រុមភ្ញៀវ ២-០ សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

សម្រាប់ការប្រកួត ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៣២,៧០៦នាក់នេះ តង់ទី១ ក្រុមទាំងពីរ បានលេងលក្ខណៈស្ទាបស្ទង់មិនសូវបានដាក់សម្ពាធគ្នានោះទេ ហើយចូលតង់ទី២ ក៏មិនសូវមានការសម្រុកគ្នាប៉ុន្មានដែរ។ តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រ បន្លឺសំឡេងហ៊ោរកញ្ជ្រៀវពេញពហុកីឡដ្ឋានជាតិ បានកើតឡើងនៅ ១០នាទីចុងក្រោយ បន្ទាប់ពីកីឡាករ សៀង ចន្ធា និងសិស្សច្បង គួច សុកុម្ភៈ រកបានម្នាក់ ១គ្រាប់ ជួយក្រុមគោព្រៃកម្ពុជា យកឈ្នះក្រុមប៉ាគីស្ថាន ២-០ ក្នុងនាទី៨១ និងនាទី៨៤។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់លោក Keisuke Honda បានកក់កៅអីជុំទី២ ជាបណ្ដោះអាសន្ន ដ្បិតក្រុមគោព្រៃនេះ ត្រូវធ្វើដំណើរទៅប្រកួតជើងទី២ ក្រៅដីជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតានាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីធានាកៅអីឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC)៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ