• កញ្ញា នី មុនីនាថ ប្រកាស​គៀងគរ​សប្បុរសជន និង​អ្នកសិល្បៈធ្វើ​​សប្បុរសធម៌ជួយ​កុមារ គ-ថ្លង់​

    ភ្នំពេញៈ ក្រោយ​ពី​ស្ងប់​ស្ងាត់​រឿង​បណ្តឹង​ទារប្រាក់​សំណង​ជាង​ ១០ ​ម៉ឺន​ដុល្លារ ​ពី​បុរសដែល​​ជា​អតីត​គូ​​ដណ្តឹង​ឆ្លង​ទ្វីប​លោក អ៊ឹង សូឡា ជាង ​១​​ ឆ្នាំ ​មក​នោះ ក៏​ស្រាប់​តែ​ថ្មីៗនេះ​ គេ​ឃើញ​ តារា​​សម្តែង​​ស្រី​​ល្បី​​ថា​ជា​តួ​​សម្រក់​ទឹកភ្នែក​​កញ្ញា នី មុនីនាថ ​ប្រកាស​គៀងគរអ្នកសិល្បៈ និង​សប្បុរស​ជន​ ចូល​រួម​សហ​ការ​នាំ​យក​អំណោយទៅ​ជួយ​ដល់​សិស្សានុសិស្ស​ជា​កុមារ​គ-ថ្លង់ ​នៅ​​ឯ​សាលា​​រៀន​​​​មួ​យ​ នា​ថ្ងៃទី​១០ ខែ​​មិថុនា ឆ្នាំ​២០១៩ ខាង​​មុខ​នេះ។​

    ជារឿយៗ​តាម​ទម្លាប់ ឬ​តាម​កត់​សម្គាល់​នោះ សម្រាប់​ក្រុម​សិល្បករ-សិល្បការិនី​ តែងតែ​​ប្រែ​ក្លាយ​​សកម្ម​ភាព​សប្បុរសធម៌​នានា​ក្នុង​សង្គម​ នា​ឱកាស​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​ខួប​កំណើត​របស់​ខ្លួន ឬ ជា​ការ​ធ្វើ​ដើម្បី​គោល​បំណង​អ្វី​ផ្សេងទៀត​ សម្រាប់ជា​អត្ថន័យ​សំខាន់​របស់​ពួកគេ​តែ​ម្តង​។

    តែ​​តារា​សម្តែង​ស្រី​​​ ដែល​ទើបតែ​បាន​​ផ្ទុះ​នូវ​ការ​ងឿង​ឆ្ងល់ ​ពី​ភាពប្រែប្រួល​នៃ​រូប​សម្ផស្ស​របស់​​នាង​ ក្រោយ​ពី​ថត​កុន​ភាគ​​រឿង «​មុខកាំបិត​មុខ​ស្នេហ៍​» កញ្ញា នី មុនីនាថ បង្ហើប​ប្រាប់​ ថា​៖​ «អូ!អត់​បាន​ធ្វើ​ក្នុង​ឱកាស​ខួប​កំណើត ឬ​អត្ថ​ន័យ​​អ្វី​​នោះ​​ឡើយ​ គឺគ្រាន់​តែ​ការ​ធ្វើ​ឡើង​ នៅ​ក្នុង​ភាព​ចៃ​ដន្យ​​ជាមួយ​អ្នក​ស្គាល់​ និង​បាន​ចូល​រួម​ជាមួយ​គាត់​កាល​ពី​ឆ្នាំ​មុនប៉ុណ្ណោះ​។ ​ឆ្នាំ​មុន នាង​ខ្ញុំ​បាន​នាំ​យក​សម្ភារ​សិក្សា​មាន​សៀវភៅ ប៊ិច ខ្មៅដៃ និង​ថវិកា​ផ្ទាល់​តាម​លទ្ធ និង​ការ​ចូល​រួម​ពី​មិត្ត​អ្នក​សិល្បៈ និង​សប្បុរសជន​នានា​ យក​អំណោយ​ទៅ​ជូន​ប្អូន​កុមារ​ៗ ដែ​ល​មាន​ភាព​ពិការ​គ-ថ្លង់ នៅ​សាលា​រៀន​មួយ​ ដែល​បច្ចុប្បន្ន​​គេ​បាន​ដូរ​ឈ្មោះ​ថា ​«សាលា​បង្រៀន​អប់រំ​ពិសេស»​ ខណៈ​ពី​មុន​ឈ្មោះ​សាលា​បង្រៀន​កុមារ​​គ-ថ្លង់​​នោះ ចំថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨​​​»។​

    កញ្ញា នី មុនីនាថ បន្តទៀត​ថា៖ «ឆ្នាំ​នេះ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៩ នាងខ្ញុំ​នឹង​នាំ​យក​អំណោយជា​សម្ភារ​សិក្សា​ដែរ​ តែ​ជា​ក្រដាស​រ៉ាម តាម​តម្រូវ​ការ​របស់​សាលា​វិញ​ រួម​ទាំង​មានកញ្ចប់​ថវិកាផ្ទាល់​​ខ្លះ និង​ក៏​សុំ​ប្រកាស​ដល់​បង​ប្អូនសប្បុរសជន ក៏​ដូចជា​មិត្ត​អ្នកសិល្បៈ​ផង​ដែរ​ ចូល​រួម​ទាំង​អស់​គ្នា​ជាមួយ​នឹង​ខ្ញុំ ប្រសិន​បើ​ចាប់​អារម្មណ៍​»។​

    តារា​សម្តែង​ស្រី​ នី មុនីនាថ ក៏បានឲ្យ​ដឹង​​ពី​​គម្រោង​ការ​ធំ​មួយ​ជាមួយ​នឹង​លោក តាន់ គឺមសួរ ដែល​ល្បី​ខាង​បង្កើត​សកម្ម​ភាព​សង្គម​ជា​ច្រើនកន្លង​មក​ជាមួយ​អ្នក​សិល្បៈ​ នា​រយៈ​ពេល​​ប្រមាណ​៣-៤ ខែ​ខាង​មុខ​ទៀត​​គឺ​ដាំ​ដើមឈើ​ ១​ ម៉ឺន​ ដើម​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ទូទាំង​ ២៥ ខេត្ត​-ក្រុង ផង​ដែរ​​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ