ស្ថានីយ៍​រថ​ភ្លើង ភ្នំ​ពេញ នឹង​ត្រូវ​ជួស​ជុល​ដើម្បី​កែ​ប្រែ​មុខ​មាត់​ថ្មី

ភ្នំ​ពេញ (ថ្ងៃ​ទី​៤ ខែមិថុនា) – គម្រោង​​ដ៏​រំភើប​​មួយ​ក្នុង​ការ​​ជួស​ជុល​ឡើង​វិញ​ទៅ​លើ​​​ស្ថានីយ៍​រថ​ភ្លើង​ក្រុង​ភ្នំ​ពេញ ត្រូវ​បាន​ប្រកាស​ឡើង​ជាផ្លូវ​ការ​នៅ​ថ្ងៃ​នេះ ដោយ​​ក្រុម​អ្នក​​បណ្តាក់​ទុន​​មួយ​មក​ពី​សហ​រដ្ឋ​អាមេរិក ដើម្បី​កែ​​ប្រែ​ស្ថានីយ៍​មួយ​នេះ ​ឲ្យ​​ក្លាយ​ទៅ​ជា​អគារ​ពាណិជ្ជ​កម្ម Royal Train Square ដែល​មិន​ត្រឹម​តែ​បម្រើ​ជូន​សម្រាប់​តែ​​អ្នក​ដែល​ធ្វើ​ដំណើរ​ដោយ​រថ​ភ្លើង​ នោះ​ឡើយ​។

Royal Train Square នឹង​ក្លាយ​ជា​​អគារ​មួយ​ក្នុង​ចំណោម​អគារ​ដែលមាន​ការ​អភិវឌ្ឍ​ថ្មី​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​នៅ​រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ស្វាគមន៍​​អ្នក​ដំណើរដោយ​រថ​ភ្លើង ​ទាំង​ទៅ ទាំង​មក ក៏ដូច​ជា​នឹង​​​​ក្លាយ​ជា​កន្លែង​ជួប​ជុំ​គ្នា​ថ្មីមួយ​ក្នុង​តំបន់​អាជី​វកម្ម​​ដែល​​កំពុង​រីក​​ចម្រើន​មួយនេះ​។

អគារ​នេះ​នឹង​មានទំហំ​​​​​ចំនួន​៣០០០​ម៉ែត្រ​កា​រ៉េ សម្រាប់​ការ​សាង​សង់​ធ្វើ​ជា​កន្លែង​ពាណិជ្ជ​កម្ម ក្នុង​នោះ​​រាប់​បញ្ចូល​ទាំង​ការ​សាង​សង់​ហាង​ទំនើប​​​​ផ្សេង​ៗ ហាង​កា​ហ្វេ ភោជនីយ​ដ្ឋាន ធនា​គារ​​ ទូរ ATM ជាច្រើន និង​ជា​កន្លែង​សម្រាប់​​​​ជួល​​​ធ្វើ​ជា​ការិយា​ល័យ ​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍ និង​​​កម្ម​វិធី​ពិណ៌​ផ្សេង​ៗ​។

លោក Scott Bolls មេធាវី​ផ្នែក​ច្បាប់​អចល​ន​ទ្រព្យ និង​ការ​អភិវឌ្ឍ ហើយ​និង​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏សំខាន់​​លើ​គម្រោង​នេះ ដែល​ត្រូវ​បាន​​គាំទ្រ​ថវិកា​ដោយ​ក្រុម​អ្នក​បណ្តាក់​ទុន​មក​ពី​​​អាមេរិក និង​ដៃគូ​​​សហ​ការ​មក​ពី​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា៖ «ស្ថានីយ៍​រថ​ភ្លើង​មួយនេះ គឺ​ជា​អគារ​បេតិ​កភណ្ឌ​ដែល​ត្រូវ​បាន​​គេ​ស្គាល់​យ៉ាង​ច្បាស់​មួយ នៅ​ភ្នំ​ពេញ ប៉ុន្តែ បច្ចុប្បន្ន មាន​មនុស្ស​មិន​ច្រើន​ឡើយ​ដែល​ប្រើប្រាស​អគារ​នេះ​។ ជាមួយនឹង​គម្រោង​អភិ​វឌ្ឍ​សាង​សង់​អគារ Royal Train Square យើង​នឹង​ផ្តល់​​ឲ្យ​ប្រជា​​​​ពល​រដ្ឋ​នានា នូវ​កន្លែង​ថ្មីមួយ​ដើម្បី​ជួប​ជុំ​គ្នា ញ៉ាំ​អាហារ​ពេល​ល្ងាច និង​សម្រាក​លំហែរ​ជា​មួយ​​ទិដ្ឋ​ភាព​​ជុំ​វិញ​ខ្លួន​ដ៏ស្រស់​ស្អាត រួម​ជាមួយ​នឹង​ហាង​កា​ហ្វេ ភោជ​នីយ​ដ្ឋាន និងហាង​ជាច្រើន​ទៀត​»​។

ស្ថានីយ៍​រថ​ភ្លើង​ក្រុង​​ភ្នំ​ពេញ ត្រូវ​បាន​​សាង​សង់​ឡើង​ដោយ​អាជ្ញាធរ​អាណា​និគម​​បារាំង ក្នុង​ឆ្នាំ​១៩៣២ ខណៈ​​ដែល​ស្ថានីយ៍​មួយនេះ ទើប​តែ​បាន​បំពេញ​ការ​​សាង​សង់​ខ្សែផ្លូវ​ដែក​របស់​ខ្លួន ទៅកាន់​ខេត្ត​បាត់​ដំបង កាល​ពេល​ថ្មី​ៗ​នេះ​​។

បើ​យោង​ទៅ​តាម​លោក John Guiry ប្រធានក្រុមហ៊ុន Royal Railways ស្ថានីយ៍​រថភ្លើង​នេះ ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ កាលពីឆ្នាំ​២០១២ ហើយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានីយ៍​រថភ្លើង​​ក្រុង​ភ្នំ​ពេញ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Royal Railways បាន​ដាក់​ឲ្យ​​ដំណើរជា​ធម្ម​តា​ឡើង​វិញ ​នូវ​សេវា​ធ្វើ​ដំណើរ​ដោយ​រថ​ភ្លើង​ ទៅ​កាន់​ខេត្ត​កំពត ព្រះ​សីហ​នុ ពោធិ៍​សាត់ និង​ប៉ោយ​ប៉ែត ក៏ដូច​ជា​​សេវា​​ដឹង​ជញ្ជូន​​​ជា​ទៀង​ទាត់​ទៅ​កាន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ​។

លោក Bolls មាន​ប្រសាសន៍​ថា៖ «ស្រប​ពេល​មាន​ការរីក​​លូត​លាស់​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ដ៏សំខាន់​របស់​រាជ​ធានី​ភ្នំ​ពេញ វា​ជា​ពេល​វេលា​ដ៏ត្រឹម​ត្រូវ​​ក្នុង​ការ​នាំ​យក​ស្ថានីយ៍​រថ​ភ្លើង​មួយ​នេះ ទៅ​កាន់​សត​វត្សរ៍​ទី​២១ ក្នុង​នាម​ជា​គោល​ដៅ​មួយ​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​​ភ្នំ​ពេញ និង​ភ្ញៀវ​ទេស​ចរណ៍ ក្នុង​ការ​​ទៅ​សម្រាក​លំហែរ នៅកន្លែង​​ដែល​​ពោរ​ពេញ​​ផា​សុខ​ភាព​​មួយ​»​។

លោក​ Bolls បាន​ប្រាប់​បន្ត​ថា៖ «វា​នឹង​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ​​ជាមួយ​នឹងហាង​ជុំ​វិញ​នោះ ជាពិសេស​​តំបន់​កណ្តាល​​រាង​កា​រ៉េ​ដ៏ស្រស់​ស្អាត នៅ​ពីមុខ​ស្ថានីយ៍ ហើយ​យើង​ជឿជាក់​ថា វា​នឹង​ក្លាយ​ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ដ៏ពេញ​និយម​បំផុត​ក្នុង​ទីក្រុងនេះ ដើម្បី​ជួប​​ជុំ​គ្នា និង​ទទួល​ទាន​​អា​ហារ​ពេល​ល្ងាច​ដ៏ឈ្ងុយ​ឆ្ងាញ់ ទិញ​ទំនិញ និង​ជា​កន្លែង​រៀប​ចំ​ព្រឹត្តិការណ៍ ក៏ដូច​ជា​ពិពណ៌​ផ្សេង​ៗ​ដ៏ពិសេស​តែ​មួយ​ ដែល​ផ្ទុយ​គ្នា​ស្រឡះ ទៅ​នឹង​​រូប​រាង​ដែល​យើង​ធ្លាប់​បាន​ឃើញ​ពីមុន​»​។

គម្រោង​ជួស​ជុល​ឡើង​វិញ​មាន​ទឹក​ប្រាក់​៥​លាន​ដុល្លារ​អាមេរិក​មួយនេះ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ក្នុង​រយៈ​ពេល​៣ ទៅ​៤​ខែ​​​​ខាង​មុខ​ទៀត ស្រប​ពេល​ដែល​​​ក្រុមហ៊ុន​ជា​អាជីវ​ករ​ជួល​​​​ជាច្រើន នឹង​តម្រង់​ជួរ​គ្នា​ ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជី​វកម្ម​នៅ​ហាង​​​ផ្សេង​ៗ​ដែល​ត្រូវ​បាន​រច​នា​យ៉ាង​ស្រស់​ស្អាត​។

លោក​ Bolls បាន​បញ្ជាក់​ថា៖ «យើង​គិត​ទុក​ជា​មុន​រួចជា​ស្រេច​ពី​អត្ថ​ប្រយោជន៍​ដ៏​ពិសេស​ដែល​​បានមក​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក និង​អន្តរ​ជាតិ​ និង​ពិត​ជា​ចង់​ផ្សារ​ភ្ជាប់ក្នុង​ពេល​ឆាប់​ៗនេះ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជួល​ដ៏សំខាន់​មួយ ដែល​អាច​ធ្វើ​ការ​​ជា​មួយ​យើង ដើម្បី​ជួយ​បង្កើត​ចេញ​រូប​រាង​លើគម្រោង​ដែលកំពុង​បន្ត​​​មួយ​នេះ​»​។

គម្រោង​នេះ​ អនុ​វត្ត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ស្រប​​តាម​​គម្រោង​រយៈ​ពេល​វែង​របស់ក្រសួង​សា​ធារណ​ការ និង​ដឹក​ជញ្ជូន ដើម្បី​​​ប្រែ​​ក្លាយ​រូប​​រាង​​ស្ថានីយ៍​រថ​ភ្លើង​របស់​កម្ពុជា​ទាំង​ស្រុង និង​ដើម្បី​ផ្តល់​សេវា​ផ្សេង​ៗ​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ដោយ​ផ្លូវ​ដែក​ក្លាយ​ជា​ជម្រើស​​ប្រកប​ដោយ​អត្ថ​​ប្រយោជន៍​មួយ​សម្រាប់​អ្នក​ដំណើរ​​។

លោក Simon Griffiths នា​យក​​ផ្នែក​គ្រប់គ្រងនៅ​ក្រុមហ៊ុន Urban Asset Solution ដែល​នឹង​ទទួល​ខុស​ត្រូវ​​លើ​ការ​ធ្វើ​ទីផ្សារ​​​​ក្នុង​​គម្រោង​នេះ​​​ទៅ​កាន់​ក្រុម​​ហ៊ុន​ជួល​​សំខាន់​ៗ  បាន​បញ្ជាក់​ថា៖ «​ជា​លើក​ទី​១ ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​នេះ ដោយ​រថ​ភ្លើង ស្ថា​នីយ៍នេះ មិន​ធ្លាប់​ផ្តល់​ការ​​ស្វាគមន៍​ជា​ពិសេស​ពីមុន​មក​ឡើយ​។ ជា​មួយនឹង​​​ការ​អភិវឌ្ឍ​ឡើង​វិញ​នេះ យើង​ចង់​ឲ្យភ្ញៀវ​ទាំង​អស់​ ដឹង​ពី​កម្រិត​ដែល​ទីក្រុង​ភ្នំ​ពេញ និង​ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ ក៏ដូច​ជា​ មើល​ឃើញ​ពី​កម្រិត​​ដែល​​ការ​ជួស​ជ្រុល​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ និង​​​ផ្តល់​អត្ថ​ប្រយោជន៍​ខ្ពស់ អាច​ធ្វើ​ឡើង ដោយ​ផ្អែក​ទៅលើ​សក្តា​នុ​ពល​របស់​អគារ​​ជា​បេតិ​កភណ្ឌ​ដ៏ស្រស់​​ស្អាត​ជាច្រើនរ​បស់​យើង​​»​៕

ដើម្បី​សាក​សួរ​ព័ត៌​មានពីការ​ជួល សូម​ទាក់​ទង​ទៅ​កាន់​ក្រុមហ៊ុន The Mall Company តាម​រយៈ​អ៊ី​ម៉ែល [email protected] ឬ​តាម​រយៈ​ទូរ​ស័ព្ទ​លេខ: 089 999 681 និង 093 999 621។

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ