ភ្នំពេញៈ អតីតតារាសម្ដែង និងជាតារាបង្ហាញម៉ូដដ៏ល្បីឈ្មោះបោះសំឡេងកញ្ញា ប្រាសាទ ដាវីន កាលពីជា ១០ឆ្នាំ មុន ហាក់នៅតែអាចរក្សាបាននូវសម្រស់ស្រស់ស្អាត និងទាក់ទាញ ភ្នែកទស្សនិកជនដដែលនាពេលនាងមានវត្តមានមកស្រុកខ្មែរថ្មីៗនេះ។
ជាពិសេសនោះ គឺដងខ្លួនដ៏ស្រឡូន របស់នាង បានទាក់ទាញចិត្តទស្សនិកជនមិនតិចនាក់នោះទេ ដោយលួចសរសើរមិនដាច់ពីមាត់ មិនថាពេលស្លៀកសម្លៀកបំពាក់សិចស៊ី ឬឈុតប្រពៃណីនោះទេ គឺនៅតែស្អាត។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ថ្មីៗនេះ នាងបានតុបតែងបែបបុរាណ ដោយមាន មកុដអប្សរានៅនឹងដៃ និងមានតួអង្គសម្តែងប្រុស ដែលមានសាក់យ័ន្តខ្មែរឈរពីក្រោយ បង្ហាញពីអំណាច និងអនុភាព ជាមួយសេចក្តីទន់ភ្លន់របស់នារីខ្មែរ។
នាង ប្រាសាទ ដាវិន ថ្មីៗនេះបានពញាក់អារម្មណ៍ទស្សនិកជនឲ្យងាកមកចាប់ចិត្តជាមួយនាងគ្រប់គ្នា តាមរយៈបង្ហាញវីដេអូមួយជាមួយលោក អាឡិច ហ្សូរ៉ា បង្ហាញពីសម្រស់ស្រ្តី និងបុរសខ្មែរ ក្នុងឈុតប្រពៃណី យ៉ាងសមសួន រួមជាមួយនឹងទឹកមុខពោរពេញទៅដោយអនុភាព។ ភ្ជាប់នឹងវីដេអូនោះនាង ប្រាសាទ ដាវីន បង្ហើរសារសារដ៏ខ្លីថា «នារីខ្មែរ គឺទន់ភ្លន់តែ រឹងមាំ!»។
គួររំឭកថានាង ប្រាសាទ ដេវីន គឺជាតារាសម្ដែង និងជាតារាម៉ូដែលស្រីមួយដួង ដែលមានទេពកោសល្យពិតពីធម្មជាតិ និងមានរូបសម្រស់ស្រស់ស្អាត មិនធម្មតា ជាមួយនងសម្បុរត្រូវប៉ាន់អ្នកបស្ចឹមប្រទេស ដែលកម្រមាននារីណាមានសម្រស់ ធម្មជាតិស្អាតដូច។
តារារូបនេះ សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបាន ទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ យ៉ាងណាមិញ ទោះត្រូវឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ប៉ុន្ដែកាលពីឆ្នាំ២០១៦ កន្លងទៅនេះ គេក៏ឃើញ ប្រាសាទ ដេវីន មានវត្តមានក្នុងវិស័យសិល្បៈ ខ្មែរឡើងវិញ។ បច្ចុប្បន្នតារាស្រីរូបនេះ ហាក់បង្ហាញវត្តមានម្តងម្កាលក្នុងវិស័យសិល្បៈ តាមរយៈថតស្ប៉តសំអាងការ និងកម្មវិធីសិល្បៈតូចធំនានាជាដើម៕