ជនជាតិចិនម្នាក់ បោះ​វ៉ាលី​ចោល​នៅ​ព្រលាន​យន្ដហោះ​ខេត្តសៀមរាប ផ្អើល​សមត្ថកិច្ច​ស្មានតែមានគ្រាប់បែក

(សៀមរាប)៖ បុរសជនជាតិចិនម្នាក់ បានបោះវ៉ាលីរបស់ខ្លួនមួយចោល នៅព្រលានយន្ដហោះអន្ដរជាតិខេត្តសៀមរាប ដោយសារតែគេគិតថ្លៃឥវ៉ាន់លើសចំនួន ៨០ដុល្លារ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច និងមន្ដ្រីស៊ីម៉ាក់ចុះទៅពិនិត្យមើលភ្លាមៗ ដោយមុនដំបូងមានការសង្ស័យខ្លាចដាក់បង្កៃគ្រាប់បែក។

យោងតាមការចុះពិនិត្យជាក់ស្ដែងរបស់មន្ដ្រីនគរបាលជំនាញ និងមន្ដ្រីស៊ីម៉ាក់នោះ លទ្ធផលបង្ហាញថា នៅក្នុងវ៉ាលីនោះមានតែសម្លៀកបំពាក់ និងកាហ្វេតែប៉ុណ្ណោះ មិនមែនជាម្ស៉ៅដែលបង្កឲ្យមានជាតិផ្ទុះនោះឡើយ។

បុរសជនជាតិចិនរូបនេះត្រូវបានឃាត់សួរនាំ ក្រោយបោះចោលវ៉ាលីរបស់ខ្លួនមួយនៅព្រលានយន្ដហោះ ហើយនៅក្នុងវ៉ាលីនោះមានសម្លៀកបំពាក់ និងកាហ្វេ ហើយត្រូវបានមន្ដ្រីស៊ីម៉ាក់យកទៅពិនិត្យមើលបន្ដ។

បន្ថែមលើនេះ មន្រ្តីនគរបាលម្នាក់នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ក៏បានបញ្ជាក់ផងដែរថា ការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ដែលបង្កឡើងដោយជនជាតិចិនម្នាក់ រៀបឡើងយន្ដហោះទៅម៉ាកាវវិញ ប៉ុន្ដែដោយសារឥវ៉ាន់លើសខាងព្រលានតម្រូវឲ្យបង់លុយ ៨០ដុល្លារទៀត រូបគេក៏ទុកវ៉ាលីតែម្ដង។

មន្រ្តីនគរបាលរូបនេះបានបន្ដទៀតថា ក្រោយពីជនជាតិចិនដាក់វ៉ាលីចោល សមត្ថកិច្ចរួមជាមួយមន្ដ្រីស៊ីម៉ាក់បានទៅពិនិត្យមើល ឃើញតែសម្លៀកបំពាក់ និងកញ្ចប់កាហ្វេ មិនមែនជាការដាក់បង្កៃគ្រាប់បែកនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ