Arsenal និង Chelsea ប្រជែង​គ្នា​យកពាន Europa League វគ្គ​ផ្តាច់ព្រ័ត្រ​ម៉ោង ២យប់នេះ

(បាគូ)៖ ក្រុមបាល់ទាត់របស់អង់គ្លេសទាំងពីរ កាំភ្លើងធំ Arsenal នឹងជួបប្រកួតទល់នឹងតោខៀវ Chelsea ដើម្បីដណ្តើមពានរង្វាន់លីគលំដាប់ទី២ អឺរ៉ុប UEFA Europa League ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនារាត្រីម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។

ការប្រកួតដែលនឹងធ្វើឡើងនៅទីក្រុង Baku នៃប្រទេសអាហ្សឺបៃហ្សង់ដែលជាទឹកដីកណ្តាលរវាងក្រុមយក្សទាំងពីរ សម្រាប់វគ្គផ្តាច់ព្រ័ត្រ។

ក្រុមដែលជាសមាជិក Premier League ធ្លាប់បានជួបគ្នា ២ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ ដោយឈ្នះម្នាក់ម្តងដូចគ្នា ពោលកាលលេងនៅទឹកដី Stamford Bridge តោខៀវបានយកឈ្នះ ៣-២ និងត្រឡប់ទៅទឹកដីកីឡដ្ឋាន Emirates របស់ Arsenal វិញ ក្រុមកាំភ្លើងធំបានយកឈ្នះ ២-០។

ក្រុមរបស់លោក Unai Emery ពុំដែលស្គាល់រសជាតិពាននេះម្តងណានោះទេ គិតចាប់ពីពានលំដាប់ទី២ អឺរ៉ុប Europa League ត្រូវបានបង្កើតឡើងមានរយៈពេល ៤៨ឆ្នាំមកនេះ ដោយបានរងជើងឯកម្តងគត់កាលឆ្នាំ២០០០។ Arsenal បើឈ្នះពាននេះ នឹងទទួលបានកៅអីលេងនៅ UEFA Champions League វគ្គចែកពូលដោយស្វ័យប្រវត្តិនារដូវកាល ឆ្នាំ២០១៩-២០២០ ដ្បិតជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ នៅ Premier League រដូវកាលនេះ ខណៈ Chelsea ឈរនៅចំណាត់ថ្នាក់លេខ៣ មានកៅអី១ រួចជាស្រេចហើយនោះ។

សម្រាប់តោខៀវ Chelsea ដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៊ីតាលី Maurizio Sarri ធ្លាប់បានឈ្នះពាន Europa League នេះម្តងដែរកាលឆ្នាំ២០១៣ បន្ទាប់ពីយកឈ្នះក្រុមព័រទុយហ្គាល់ Benfica នៅវគ្គផ្តាច់ព្រ័ត្រ និងបាន ទម្លាក់ Frankfurt របស់អាល្លឺម៉ង់ដោយបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងមកប៉ះ Arsenal ដែលបានទម្លាក់គូប្រជែង Valencia CF របស់អេស្ប៉ាញក្នុងលទ្ធផល ៧-៣ ទាំងពីរជើង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ