គម្រោងសួនកម្សាន្តបែបធម្មជាតិមួយ ដែលគ្រោងសាងសង់ក្នុងខេត្តកំពង់ស្ពឺ និងចំណាយថវិកាប្រមាណ ៥០០លានដុល្លារអាមេរិក ត្រូវបានប្រភពបង្ហើបឱ្យដឹងថា មានលក្ខណៈពិសេសជាច្រើន មិនចាញ់សួនកម្សាន្តនៅតាមបណ្ដាប្រទេសជឿនលឿននោះឡើយ។
ឯកឧត្ដម វ៉ី សំណាង ដែលបានឃើញប្លង់មេតាមរយៈបទបង្ហាញពីតំណាងក្រុមហ៊ុន ឱ្យដឹងថា សួននេះមានបែងចែកជាកន្លែងកម្សាន្តផង និងកន្លែងស្នាក់នៅផង ពោលគឺចែកតាមតំបន់នីមួយៗ (Zone) ដែលកន្លែងស្នាក់សុទ្ធសឹងលំដាប់ផ្កាយ៥។ កន្លែងកម្សាន្តសម្រាប់កុមារតូចៗឱ្យមកកម្សាន្ត។ ពេលកុមារមកកម្សាន្តក៏អាចទាក់ចិត្តឪពុកម្ដាយកុមារបានស្នាក់នៅកាន់តែយូរដែរ។
ឯកឧត្ដមឱ្យដឹងទៀតថា សួននេះមានកន្លែងកម្សាន្តបែបសិប្បនិម្មិត កន្លែងលក់វត្ថុអនុស្សាវរីយ៍ សួនសត្វ សួនទឹក អាហារដ្ឋាន រមណីយដ្ឋាន និងសណ្ឋាគារ។ បន្ថែមលើនេះមានកន្លែងចិញ្ចឹមត្រីទឹកសាបគ្រប់ប្រភេទ សួនកសិកម្ម ដើម្បីជាការស្វែងយល់ពីរបៀបធ្វើកសិកម្ម និងមានកន្លែងជិះកង់ហាត់ប្រាណគយគន់ទេសភាពព្រៃភ្នំ និងបឹងបួរជាដើម ។ “ដូច្នេះករណីភ្ញៀវទេសចរគាត់ចង់នាំកូនៗឱ្យយល់ដឹងពីរបៀបធ្វើកសិកម្មគឺគាត់អាចចូលរួមស្វែងយល់បានទាំងការស្ទូងស្រូវ និងដាំដំណាំផ្សេងៗ”។
ឯកឧត្ដមថា សួនកម្សាន្តបែបធម្មជាតិ គឺយកគំរូដូចគ្នាទៅនឹងសួនកម្សាន្តបែបធម្មជាតិមួយនៅក្នុងប្រទេសចិន។ “អញ្ចឹងពេលទៅទស្សនៈកិច្ចនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ខ្ញុំក៏បានឃើញសួនកម្សាន្តហ្នឹងដែរនៅចិន តែខ្ញុំភ្លាមៗ ខ្ញុំមិនចាំខេត្ត។ មានក្មេងច្រើនមែនទែន ដែលបានកម្សាន្តនៅទីនោះ”។ យ៉ាងណាក៏ដោយការសាងសង់នឹងត្រូវចំណាយពេល៥ឆ្នាំ និងតាមដំណាក់កាល ខណៈក្រុមហ៊ុនបានសិក្សាប្លង់គោល និងវាយតម្លៃរួចរាល់អស់ហើយ បន្ទាប់មកនឹងដាក់ឆ្លងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) សម្រេច ដោយសារមានទំហំទឹកប្រាក់ធំ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ី សំណាង។ឯកឧត្ដមថា បើសួនធម្មជាតិនេះសាងសង់រួចរាល់ ខេត្តកំពង់ស្ពឺនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនឡើងបន្ថែមទៀតមកកម្សាន្តនៅក្នុងខេត្ត ពិសេសនឹងផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋប្រមាណ ៥០០នាក់។ ការផ្ដល់ការងារមិនត្រឹមអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្ដល់នូវចំណេះជំនាញជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ទៀតផងដែរ។
គួរបញ្ជាក់ថា គម្រោងសួនធម្មជាតិខាងលើនឹងត្រូវសាងសង់លើផ្ទៃដីជាង ២០០ហិចតា ស្ថិតនៅក្នុងឃុំមហាសាំង ស្រុកភ្នំស្រួច និងឃុំកាហែង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនចូហ្រ្គេនអ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOIN INEVETMENT Co .LTD)៕