League of Legends ឬហៅកាត់ថា LoL ត្រូវបានស្គាល់ជាហ្គេមបែប Battle Arena លេងលើ Online ដ៏ល្បីឈ្មោះមួយនៅលើឧបករណ៍ Microsoft Windows និង macOS ដែលរបាយការណ៍ចុងក្រោយបង្អស់គិតត្រឹមខែមករា ឆ្នាំ ២០១៤ មានអ្នកលេងប្រមាណ ៦៧ លាននាក់ក្នុងមួយខែ។
ជាដំណឹងដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន ដោយក្រុមហ៊ុន Riot Games បាននឹងកំពុងចាប់ដៃសហការជាមួយក្រុមហ៊ុនមេ Tencent របស់ប្រទេសចិន ក្នុងការអភិវឌ្ឍនូវហ្គេម League of Legends ជំនាន់ទូរសព្ទ។ នេះបើយោងតាមការចុះផ្សាយលើសារព័ត៌មាន Reuters។
ទម្រង់បែបបទនៃការលេង ទាក់ទិននឹងអាវុធ ក៏ដូចជាតួអង្គនឹងត្រូវមានការកាត់បន្ថយនិងផ្លាស់ប្តូរខ្លះៗ ស្របទៅតាមទម្រង់ដែលបង្កើតឡើងសម្រាប់ជំនាន់ Mobile។ ត្បិតពុំមានកាលបរិច្ឆេទចេញផ្សាយច្បាស់លាស់ តែតាមប្រភពបានឲ្យដឹងថាក្រុមហ៊ុនទាំងពីរបានដុតដៃដុតជើងសម្ងំអភិវឌ្ឍអស់រយៈពេល ១ ឆ្នាំមកហើយ។
Tencent មានគោលបំណងចង់ចេញផ្សាយ LoL Mobile Version នេះឡើង ផ្អែកទៅតាមគន្លងជោគជ័យនៃហ្គេម Honour of Kings ដែលកំពុងល្បីល្បាញទូទាំងសកលលោក កើបចំណូលរាប់ពាន់លានដុល្លារដល់ក្រុមហ៊ុនរបស់ខ្លួន។ ប៉ុន្តែបើនិយាយពីប្រវត្តិនៃភាពជោគជ័យគឺ LoL បានដើរមុន រហូតមានប្រភពមួយបានសរសេរពីការរំពឹងទុកដូច្នោះថា៖ “League of Legends ប្រៀបដូចជាការប្រកួតព្រឹត្តិការណ៍ World Cup ស្របពេល Honour of Kings ត្រឹមជាការប្រកួត Asia Cup ធម្មតា”។
រំឭកថាតួលេខចំណូលនៃវីដេអូហ្គេមប្រមាណ ៥៧ ភាគរយក្នុងប្រទេសចិន នាឆ្នាំ ២០១៨ កន្លងទៅគឺទទួលបានពីហ្គេមលើ Mobile ស្របពេលនៅសហរដ្ឋអាមេរិកមាន ៣៦ ភាគរយ។ នេះបើយោងតាមរបាយការណ៍លម្អិតចេញពី Newzoo៕