ក្នុងដែនដីអាស៊ីអាគ្នេយ៍ ប្រទេសភាគច្រើនទទួលបានឯករាជ្យពីម្ចាស់អាណានិគមបន្ទាប់ពីចប់សង្គ្រាមលោកលើកទី ២ ប៉ុន្តែសម្រាប់ប្រទេសទីម័រខាងកើតត្រូវរង់ចាំរហូតដល់ទៅសតវត្សទី ២១ ទើបទទួលបានឯករាជ្យ។
ដំបូងឡើយកោះទីម័រត្រូវបានព័រទុយហ្គាល់កាន់កាប់នៅសតវត្សទី ១៧ ប៉ុន្តែក្រោយពួកហុល្លង់បានធ្វើសង្គ្រាមព័រទុយហ្គាល់ ហើយប្រទេសអឺរ៉ុបទាំងពីរនេះ ក៏សម្រេចពុះទីម័រជា ២ នៅឆ្នាំ១៧៤៩ ដោយខាងលិច ហុល្លង់កាន់កាប់ (ក្រោយមកជារបស់ឥណ្ឌូណេស៊ី) ហើយខាងកើតពួកព័រទុយហ្គាល់គ្រប់គ្រង។
ប្រទេសមួយនេះ ត្រូវបានព័រទុយហ្គាល់ប្រគល់ឯករាជ្យនៅឆ្នាំ១៩៧៥ បន្ទាប់ពីមានស្ថានភាពនយោបាយព័រទុយហ្គាល់ប្រែប្រួលដោយសារបដិវត្តន៍។ យ៉ាងណាមិញ ឥណ្ឌូណេស៊ីដែលនៅជាប់របងទីម័រខាងកើត បានបើកការឈ្លានពាននៅឆ្នាំដដែល។
ក្រោយមក ដោយទឹកចិត្តប្រជាជនចង់បានឯករាជ្យ គួបផ្សំនឹងបម្រែបម្រួលស្ថានភាពនយោបាយនៅឥណ្ឌូណេស៊ី និងការអន្តរាគមន៍របស់អង្គការសហប្រជាជាតិ ប្រទេសទីម័រខាងកើតទទួលឯករាជ្យនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២៕
ប្រភព៖ Sabay