បើអ្នកជួបហេតុការបែបនេះវិញ តើអ្នកនិងត្រូវធ្វើយ៉ាងណា? (មានវីដេអូ)

(កំពង់ស្ពឺ)៖ ហេតុការណ៍រថយន្ដមួយគ្រឿង ប្រឈមនឹងរថយន្ដកុងទីន័រ២គ្រឿងជែងគ្នានៅខាងមុខ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ដ ហើយត្រូវបានម្ចាស់រថយន្ដរងគ្រោះ យកទៅបង្ហោះនៅលើបណ្ដាញសង្គម Facebook បណ្ដាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ នៅពេលនេះយុវជនដែលជាអ្នកបើករថយន្ដបានចេញមកបញ្ជាក់ព័ត៌មានបន្ថែម ទៅលើហេតុការណ៍ ដ៏រន្ធត់មួយនេះ។

យុវជន លាង ឆាយ ជាអ្នកបើករថយន្ដរងគ្រោះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៤ ហួសពេជ្រនិល ចូលមកក្នុងភូមិសាស្ដ្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យុវជនរូបនេះ បានរៀបរាប់ពីហេតុការណ៍ថា ខណៈដែលខ្លួនបើករថយន្ដម៉ាក Rang Rover ទិសដៅពីព្រះសីហនុ មករាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុនោះ ខ្ទង់ចម្ងាយពី២០០ ទៅ៣០០ម៉ែត្រ ក៏មានរថយន្ដកុងទីន័រពីរគ្រឿង កំពុងជែងគ្នានៅខាងមុខ ពេលនោះដោយសារតែខ្លួនមានស្មារតីរឹងមាំផង ក្នុងការបើកបរ ក៏សម្រេចចិត្តបន្ថយល្បឿននៅកណ្ដាលផ្លូវ ហើយចុចស៊ីប្លេរជាសញ្ញាដល់អ្នកបើករថយន្ដកុងទីន័រ រហូតរថយន្ដកុងទីន័រដែលជែងគេនោះ បានបើកចុះផ្លូវទើបរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់នេះ។

យុវជន លាង ឆាយ ដែលអ្នករកស៊ីម្នាក់នៅរាជធានីភ្នំពេញ បានអះអាងទៀតថា នៅក្នុងរថយន្ដមានតែម្នាក់ឯងនោះទេ ហើយនៅថ្ងៃនោះបើខ្លួនសម្រេចចុះស្ដាំវិញ ទំនងរថយន្ដកុងទីន័រ ដែលជែងនៅពីខាងមុខ ច្បាស់ជាបុកពេញទំហឹងបណ្ដាលឲ្យរងគ្រោះថ្នាក់ជាក់ជាពុំខានឡើយ។

បន្ថែមពីលើប្រតិកម្មធ្លាក់មកជាបន្ដបន្ទាប់របស់មហាជន នៅលើបណ្ដាញសង្គម Facebook នោះ យុវជនម្នាក់ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមរឹតបណ្ដឹងទៅលើ អ្នកបើករថយន្ដគ្រប់ប្រភេទ ជាពិសេសរថយន្ដធុនធំ ដែលខ្លួនអះអាងថា អ្នកបើកខ្លះក៏សេពគ្រឿងញៀនទៀតផង។

យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភានេះ អង្គភាពព័ត៌មានមិនទាន់បានការបញ្ជាក់ជាផ្លូវការ ពីសមត្ថកិច្ចថាតើរថយន្ដកុងទីន័រទាំង២គ្រឿងជែងគ្នានេះ របស់ក្រុមហ៊ុនណានោះទេ?។

ការបើកបរដោយគ្មានគិតគូរពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃយ៉ាងដូច្នេះ ត្រូវបានមហាជនលើកឡើងពីសាររិះគន់យ៉ាងចាស់ដៃ តាមរយៈ Comment នៅលើគណនី Facebook ដដែលនោះ ហើយត្រូវបានគេចែកចាយ (Share) ពេញបណ្ដាញទំនាក់ទំនងសង្គមមួយនេះយ៉ាងផុសផុល។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាភ្លាមៗទៅកាន់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កខាងលើទាំងនោះ ដើម្បីនាំយកមកអប់រំបន្ថែមទៀត កុំឱ្យពួកគេប្រព្រឹត្តទង្វើល្មើសច្បាប់នេះតទៅទៀត៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ