• តារាចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ សុំឲ្យថ្នាក់​លើ​មេត្តា​ជួយ​ដាស​តឿន​បន្ថែម​ផង ក្នុង​រឿង​ចោរ​ចូល​លួច​លុយ​អស់​៥ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ ជាការកត់សម្គាល់ កាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ វីរៈសិល្បករ និងជាតារា ចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ ប្រមាណ៥ម៉ឺនដុល្លារ ខណៈដំណឹងនេះបានធ្វើឲ្យអ្នកក្នុងចង្កោមសិល្បៈ និងបណ្តាទស្សនិកជនភ្ញាក់ផ្អើលយ៉ាង ខ្លាំង។ ជាពិសេសគ្រប់គ្នា សម្តែងនូវការសោកស្តាយជំនួស លោក ព្រហ្ម ម៉ាញ ដោយសារលុយរកបានមកពី កំលាំងញើសឈាមខំសន្សំទុករាប់ឆ្នាំ ត្រូវចោរលួចយកទៅដោយងាយ។ យ៉ាងណាមិញ ដោយសារមិនទាន់មាន ចំណាត់ការណាមួយ ធ្វើឲ្យលោក ព្រហ្ម ម៉ាញ ស្ងប់ចិត្តនោះ តាមរយៈបណ្តាញសង្គម លោកក៏បានអំពាវនាវដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ក្នុងរឿងចោរចូលលួចលុយអស់៥ម៉ឺនដុល្លារ ដោយសារលោកគិតថា រាល់បញ្ហាអ្វីដ៏ដោយ ឲ្យតែសម្តេចតេជោ អន្តរាគមន៍ គឺដឹងតែមានប្រសិទ្ធភាពតែម្តង។

    តាមរយៈវីដេអូដែលបង្ហោះជាសាធារណៈក្នុងបណ្តាញសង្គមហ្វេសប៊ុក លោក ព្រហ្ម ម៉ាញ បានថ្លែងថា «ខ្ញុំបាទក៏សូមរំឭក ក៏ដូចជាផ្តាំដែរ ដល់អាជ្ញាធរដែនដីបឹងកក់២នេះ និងខណ្ឌទួលគោក ឥឡូវខ្ញុំមកធ្វើកោស ល្យវិច្ច័យផង មកកត់ត្រាឡើងពីរថ្ងៃ អ៊ីចឹងសុំឲ្យខ្ញុំមានសង្ឃឹមផង ព្រោះខ្ញុំសំណូមពរនេះ ដោយសារលើកទី១ ខ្ញុំបានបាត់ខ្សែកតម្លៃ៣ពាន់ជាង ហើយគ្រាន់តែមកកត់ត្រាចុះឡើង ៥ទៅ៦ឆ្នាំហើយ អត់មានរកឃើញ អត់មានដំណឹងមកប្រាប់ខ្ញុំទៀត អ៊ីចឹងខ្ញុំអស់សង្ឃឹម តែឥឡូវនេះ ខ្ញុំសុំឲ្យមានទំនុកចិត្ត ជាពិសេសសុំឲ្យថ្នាក់ លើមេត្តាជួយដាសតឿនបន្ថែមផង បីថ្ងៃហើយ….ឲ្យតែមានប្រសាសន៍សម្តេច គឺត្រូវបានផលតែម្តង»។

    ជាក់ស្តែង ការលើកឡើងខាងលើ ពីសំណាក់វីរៈសិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ គឺដើម្បីអំពាវនាវ សុំការជួយ អន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះលោកហាក់អស់សង្ឃឹមក្នុងការពឹងពាក់លើ សមត្ថកិច្ចខណ្ឌទួលគោក។ លោកព្រហ្ម ម៉ាញ បានបង្ហាញនូវក្តីសង្ឃឹមជាខ្លាំង ប្រសិនបើមានការជួយអន្តរាគមន៍ ពីសម្តេចតេជោ ព្រោះលោកមានជំនឿជឿជាក់យ៉ាងមុតមាំថា បើមានការជួយពីសម្តេច នោះនឹងឆាប់ស្រាវជ្រាវ រកជនល្មើសបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាក់ជាពុំខាន។

    គួរជម្រាបថា លោកព្រហ្ម ម៉ាញ ត្រូវចោរចូលគាស់ផ្ទះ ដោយបានរុករើ ក្នុងបន្ទប់យកលុយអស់ប្រមាណ ៥ម៉ឺន ដុល្លារកាលពីយប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ខណៈបើគិតមកទល់នឹងពេលនេះ គឺមានរយៈពេល៣ថ្ងៃហើយ តែហាក់មិនទាន់ឃើញតម្រុយនៅឡើយទេ។ ហេតុនេះហើយ ទើបធ្វើឲ្យលោកបង្ខំចិត្ត អំពាវនាវតាមបណ្តាញ ហ្វេសប៊ុក សុំការជួយអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ