• អគ្គស្នងការនគរបាលជាតិ៖ ក្រុមហ៊ុន GCG Asia ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ប្រទេសជាច្រើននៅតំបន់អាស៊ីរងគ្រោះដោយសារក្រុមហ៊ុននេះ

    (ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ក្រុមហ៊ុន GCG ASIA ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឈ្មោះធនាគារជាតិកម្ពុជា ទៅបង្ហោះខុសច្បាប់ គឺជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។

    នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ផងដែរថា ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។

    អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

    ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការចុះឆែកឆេរនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចក៏បានឈានទៅដល់ការបិទក្រុមហ៊ុនជាបណ្ដោះអាសន្ន ហើយឈានទៅដល់ការឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំងពីរនាក់ប្ដីប្រពន្ធ យកទៅសួរនាំដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

    សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច និងមន្រ្តីធនាគារជាតិ ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

    កាលពីយប់មិញ សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ពាក់ព័ន្ធក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។ លើសពីនេះ ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ និងស្នើអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។

    សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List»៕

    ប្រភព​ Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ