ខេត្តសៀមរាប: បឹងធម្មជាតិត្រាវកុដិ គឺជាទីកន្លែងដ៏មនោរម្យមួយសម្រាប់ក្រុមភ្ញៀវទេសចរពីឆ្ងាយមក កម្សាន្ត ពីព្រោះវាជាតំបន់អភិវឌ្ឍន៍ថ្មីបំផុតមួយ និងមានទេសភាពស្រស់ស្អាតដែល អាចទាក់ទាញក្រុមភ្ញៀវជាលក្ខណៈគ្រួសារមកកម្សាន្តជាមួយនឹង សកម្មភាពផ្សេងៗដូចជា ស្ទូចត្រី ជិះទូកលេង ហែលទឹក និងសកម្មភាពដទៃទៀតដូចជា ការបោះជំរំជាដើម។
កាន់តែពិសេសទៅទៀតនោះ គឺមានស្ពានឈើមួយ មានប្រវែងជាង ៥៤ ម៉ែត្រ សង់លយចូលទៅក្នុងបឹងធម្មជាតិមួយ ខណៈនៅខាងចុងស្ពាន រចនាជារូបបេះដូងយ៉ាងស្រស់ស្អាត គឺជាទីឋានសម្រាប់ថតរូបសែលហ្វ៊ី ដ៏សប្បាយរីករាយអមនឹងព្រៃធម្មជាតិដ៏ស្រស់ត្រកាល ដែលមានភាពទាក់ទាញសម្រាប់អ្នកទេសចរយ៉ាងខ្លាំង។
ស្ពានឈើនេះមានឈ្មោះថា ស្ពានបេះដូងស្ថិតនៅ តំបន់រមណីយដ្ឋានធម្មជាតិបឹងត្រាវកុដិក្នុងភូមិ ក្រពើ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង មានចម្ងាយ ២៣ គីឡូម៉ែត្រ ខាងជើងឆៀងខាងកើតក្រុងសៀមរាប។ស្ពាននេះទើបតែកសាងនៅក្នុងឆ្នាំ ២០១៨ នេះ ចំណាយថវិកាប្រមាណ ១ ម៉ឺនដុល្លារ ដែលជាថវិការបស់ក្រុមហ៊ុនអភិវឌ្ឍន៍មួយនៅតំបន់នោះ បន្ទាប់ពីមានការស្នើសុំពីសហគមន៍។
គួរបញ្ជាក់ដែរថា បឹងត្រាវកុដិ ដែលមានវិសាលភាពផ្ទៃបឹង ប្រមាណ ៦០ ហិកតាមានប្រវែង ២៨ គីឡូម៉ែត្រ មានព្រំប្រទល់នៅជាប់ទៅនឹងតំបន់ភ្នំគូលែន គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់ដែលមានតួនាទីជួយបង្កើត សេដ្ឋកិច្ចរបស់តំបន់ដាច់ស្រយាល៕