• តោះ!មកដឹង​ពី​ប្រវត្តិ​របស់​ពិធី​ការិនីកំពូល​នៅ​ហង្សមាស​ ចាន់ កែវ​និមល វិញ​ម្តង​

    ភ្នំពេញៈ ខណៈ​ពេល​បានទស្សនា​ការ​ផ្សាយ​បន្ត​ផ្តាល់​ស្ទើរ​តែ​គ្រប់​កម្ម​វិធី​របស់​ទូរ​ទស្សន៍​ហង្ស​មាស ​​ប្រិយមិត្ត​ក៏​តែង​តែបានឃើញ​វត្ត​មាន​របស់​ពិធី​ការិនី​ឆ្នើម និង​សម្បូរ​ទេព​កោសល្យ​ក្នុ​ង​ការ​​​ប្រើ​ពាក្យ​ពេចន៍​សម្តីមិន​សូវ​ជាន់​គ្នា​​ អ្នក​នាង ចាន់ កែវ​និមល ដែល​ជា​​ដៃគូ​ដ៏​​សម​​គ្នា​បំផុត​​ជាមួយ​លោក ជា វិបុល ក្នុង​ពិភព​សិល្បៈ​នៃ​ពិធីការ​​​​​។

    តែ​ភាព​ល្បីល្បាញ​សព្វថ្ងៃរបស់​ អ្នក​នាង ក៏​បាន​​​លះបង់នូវ​​ការងារ​ជំនាញ​មួយ ​ដែល​បាន​​តស៊ូ​រៀនសូត្រ​​ច្រើន​ឆ្នាំ​ដែរ ​​ខណៈ​អ្នកនាង​ក៏​នឹករឮក​​អាជីព​ចាស់នោះ​ផង​ដែរ​​ គឺ​អ្នក​នាង​បាន​បង្ខំចិត្ត​ទុក​ចោល​ការងារ​​ជា​សាស្ត្រាចារ្យ​ផ្នែក​ឌី​ហ្សា​ញ នៅ​សាកលវិទ្យាល័យ​មួយ ក្រោយពី​​ពេល​ស្ទុះ​​ចូល​ទៅ​ចាប់ការងារ​សិល្បៈ​​សព្វ​ថ្ងៃ​ជា​ពិធី​ការិនី​នោះ​ ​រហូតចោល​តួនាទី​ជា​គ្រូបង្រៀន​​ឌី​ហ្សា​ញ​លែង​​បាន​។

    ពិធីការិនី​ឆ្នើម​នៅ​ហង្ស​មាស អ្នក​នាង ចាន់ កែវ​​និមល បង្ហើប​ឲ្យ​ដឹង​ថា «ខ្ញុំ​ពិតជា​ធ្លាប់​ធ្វើ​ជា​គ្រូប​ង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​មែន ​ដោយមាន​​ជំនាញ​​​ឌី​ហ្សា​ញ​ប្លង់ ​បាន​ប្រមាណ​ជា​២​​ ទៅ ​៣ ​ឆ្នាំ​ ដែរ​។ តែ​ពេល​នេះ បើ​ចង់​បក​ក្រោយ គឺ​មិន​អាច​ដូច​ដើមបាន​​នោះ​ទេ​។ យើង​ត្រូវ​ការ​​រៀន​​រំឮក​វា​​ឡើង​វិញ​ច្រើន ហើយ​ជំនាញ​នេះ​ គេ​អាប់​ដេ​ត​ជា​ប្រចាំ​ទៀត​ផង គឺ​រឹត​តែ​លំបាក​សម្រាប់ខ្ញុំ​ដែរ​មើលទៅ​​ ដោយ​មេរៀន​​ចាស់​ពី​មុន ប្រហែល​ជា​​ដើរ​មិន​ទាន់នោះ​​ឡើយ​។ ចំណែក​​ឯ​និស្សិត​យើង​ក៏​ខ្លាំង​ជាង​មុនដែរ​​។ ដូច្នេះ​ ​​មាន​តែ​ទទួលយក​អ្វី ​ដែល​​ជា​ការ​ពិត​​នា​ពេល​​បច្ចុប្បន្ន​ ហើយខំ​​ធ្វើការ​ឱ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ​»។​

    គួរកត់សម្គាល់​ថា ​អ្នកនាង ចាន់ កែវ​​និមល គឺជា​ពិធីការិនី​មួយ​រូប​ ដែល​មាន​ភាពលេចធ្លោ​ជាង​គេ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ និង​សម្បូរ​វត្តមាន​ស្ទើរតែ​គ្រប់​កម្មវិធី​កម្សាន្ត​នានា​របស់​ប៉ុស្តិ៍​ ទូរទស្សន៍​ហង្ស​មាស​ ​ដូច​ជា​​កម្មវិធី Cambodian Idol គ្រប់​រដូវកាល កម្មវិធី The Voice Kids Cambodia ទាំង ២ រដូវ​កាល ឬ​កម្ម​វិធី​ប្រគំ​តន្ត្រី​ផ្សាយផ្ទាល់​នៅ​តាម​ខេត្ត​នានា​រៀងរាល់​ចុង​ សប្តាហ៍ ជាមួយ​នឹង​ពិធីករ​​ ដែល​ស៊ីចង្វាក់​គ្នា​​គឺ​លោក ជា វិបុល និង​ជា​ពិធីការិនី​មួយ​រូប​ដែល​មាន​ទេពកោសល្យ​ចេះ​ប្រើ​សំនួន​ពាក្យពេចន៍​ ខ្មែរ​​មាន​លក្ខណៈ​​ល្អប្រសើរ​ជាង​គេ​​នៅ​ក្នុង​អាជីព​ជា​អ្នកប្រើ​ដើមទុន​សំឡេង ​អត្ថា​ធិប្បាយ​​​បង្ហើរ​ជា​សូរសៀង​ ពាក្យ​​សម្តី​ដ៏​សមសួន​​តាម​បរិយាកាស​នៃ​កម្មវិធី​​តែ​ម្តង បើ​ប្រៀប​ធៀប​​​ជាមួយ​នឹង​ចំណោម​អ្នក​ដែល​​​បាន​ប្រកប​​អាជីព​ជា​ពិធីការិនី​នៃ​ រលក​ក្រោយៗ​។ លើស​ពី​នេះ​ពិធី​ការិនី ចាន់ កែវនិមល ផ្តើម​ល្បី​ខ្លាំង​​​គឺ​​ពេល​​ចាប់​​តាំងពី​ប៉ុស្តិ៍​ ទូរទស្សន៍​ហង្សមាស​ក​កើត​តែ​ម្តង​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ