(ឡុងដ៍)៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរងវិបត្តិធ្ងន់ធ្ងរបំផុតដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់មួយដែល មិនធ្លាប់កើតមាននៅក្នុងរយៈពេល ៣៧ឆ្នាំមកនេះ ហើយក៏បានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន តស៊ូប្រយុទ្ធទៅ នឹងគ្រោះធម្មជាតិនេះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។
ការអះអាងរបស់កូរ៉េខាងជើង កើតមានឡើងក្រោយអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យដឹងថា ប្រជា ជនកូរ៉េខាងជើងរហូតដល់ ១០លាននាក់ កំពុងត្រួវការជំនួយជាស្បៀងអាហារជាបន្ទាន់។ លើសពីនេះទៅទៀត បើតាម UN ប្រជាជនកូរ៉េខាងជើងមានម្ហូបអាហារបរិភោគតែ ៣០០ក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ គិតមកទល់នឹងឆ្នាំ ២០១៩នេះ ហើយវាជាសញ្ញាគ្រោះថ្នាក់បំផុតទៅដល់ជីវិតរស់នៅ ជាពិសេសកុមារៗដែលត្រូវការអាហារូបត្ថម្ភ។
ប៉ុន្តែទន្ទឹមគ្នាមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើស្ថានភាពនៃគ្រោះរាំងស្ងួតវាអាក្រក់ដល់កម្រិតណានោះទេ ខណៈអ្នកសារព័ត៌មាន NK News លោក អូលីវើ ហូសាំ (Oliver Hotham) បានប្រាប់សារព័ត៌មានអង់គ្លេស BBC ផងដែរថា កូរ៉េខាងជើងអាចនឹងត្រូវការការនាំចូលម្ហូបអាហារ ១.៥លានតោន ដើម្បីទប់ស្កាត់វិបត្តិកង្វះស្បៀង អាហារ។
គួរជម្រាបថា កូរ៉េខាងជើងក៏ធ្លាប់ជួបប្រទះគ្រោះអត់ឃ្លានដ៏ធ្ងន់ធ្ងរបំផុតមួយផងដែរ កាលពីអំឡុងឆ្នាំ១៩៩០ ដោយមានប្រជាជនរាប់ពាន់ត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត៕