• អ្នក​វិទ្យាសាស្ត្រព្រមានថា បើសិន​កំពូល​ភ្នំភ្លើង​មួយ​នេះ​ផ្ទុះ​ឡើង ទឹកដីអាមេរិច មួយភាគធំ នឹងត្រូវបំផ្លាញ…!

    (ប៉ូឡូញ)៖ អ្នកជំនាញ-វិទ្យាសាស្ត្រម្នាក់បានព្រមានថា កំពូលភ្នំភ្លើងឈ្មោះ Yellowstone ដែលមានទីតាំងស្ថិតនៅ ក្បែរឧទ្យានជាតិ Yellowstone របស់សហរដ្ឋអាមេរិក បើវាផ្ទុះឡើងនាថ្ងៃអនាគត នោះនឹងធ្វើឲ្យដែនដីមួយ ចំណែកធំនៃមហាអំណាចលេខ១នេះ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ហើយពុំមានមធ្យោបាយដើម្បីទប់ស្កាត់ វាមិនឲ្យកើតឡើងបានឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃ ព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។

    អ្នកជំនាញផ្នែកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ស៊ីឡេស្យ៉ា (Silesia) ក្នុងទីក្រុង កាតូវ៉ៃស៍ (Katowice) ប្រទេសប៉ូឡូញបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្យាករណ៍ថា នឹងការផ្ទុះដ៏ខ្លាំងក្លាមួយស្រដៀងនឹងការផ្ទុះ កាលពី ៦៤០,០០០ឆ្នាំមុន ហើយបើវាកើតឡើង នឹងបំផ្លាញដែនដីភាគច្រើនរបស់សហរដ្ឋអាមេរិក ដោយអ្វី ដែលផ្ទុះចេញមកនឹងគ្របដណ្តប់ពាសពេញផ្ទៃមេឃចម្ងាយយ៉ាងតិច ៥០០គីឡូម៉ែត្រ ខណៈធូលីក៏ដូចជា ឧស្ម័នពុលផ្សេងៗ ដែលបញ្ចេញទៅក្នុងបរិយាកាស នឹងធ្វើឲ្យមានការថយចុះសីតុណ្ហភាពថែមទៀតផង ដែលជាលទ្ធផលមនុស្សប្រមាណ ០៥ពាន់លាននាក់ អាចនឹងត្រូវបាត់បង់ជីវិតដោយសារគ្រោះអន់ឃ្លាន»

    អ្នកជំនាញខាងលើដែលមានឈ្មោះ ជែហ្ស៊ី ហ្សាបា (Jerzy Zaba) បានបញ្ជាក់ថា បើសិនភ្នំភ្លើងយក្ស យែលឡូ ស្តូន ឬថ្មលឿង (Yellowstone) ពិតជាផ្ទុះឡើងនៅពេលអនាគត។ រឿងសមហេតុផលជាងគេដែលគួរធ្វើ គឺត្រូវ ជម្លៀសខ្លួនមនុស្សចេញពីទ្វីបអាមេរិកខាងជើងតែម្តង ខណៈវាពុំអាចព្យាករណ៍ឲ្យបាន ជាក់ច្បាស់នោះឡើយថា នៅពេលណាដែលភ្នំភ្លើងនេះនឹងចាប់ផ្តើមផ្ទុះ។

    គួរជម្រាបថា ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានបង្កើតក្រុមឃ្លាំមើលមួយហៅកាត់ថា YVO ដើម្បីធ្វើការតាមដានជាពិសេសនូវសកម្មភាពកំពូលភ្នំភ្លើង Yellowstone ជារៀងរាល់ថ្ងៃចាប់តាំងពីឆ្នាំ២០០១ មក។ គិតមកទល់ពេលនេះ ភ្នំភ្លើង Yellowstone ធ្លាប់បានផ្ទុះឡើងយ៉ាងហោចណាស់ ០៣ដង ដោយលើកចុង ក្រោយបានកើតឡើងគឺកាលពី ៦៤០,០០០ឆ្នាំមុន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ