ភ្នំពេញៈ បង្កការភ្ញាក់ផ្អើលខណៈស្រាបតែលេចឮថា តារាចម្រៀងសាន់ដេ ដែលពូកែស្រែកខ្លាំងៗ បែបកន្ត្រាក់ៗ ពិបាកគេច្រៀងត្រាប់តាម មានឈ្មោះពិតលោក សុខ មេសា ហៅ នាយចឺម រកបានសង្សារថ្មីហើយ បន្ទាប់ពីអតីតតារាកំប្លែង CTN រូបនេះ គ្រាំគ្រាបេះដូងអស់មួយរយៈធំ ដោយសារត្រូវអតីតសង្សារចាស់ជាស្រីស្អាតដល់ទៅពីរនាក់ បានដោះដៃចេញពីរូបគេទៅរកអ្នកថ្មីអស់នោះ។
ប្រភពអ្នកសិល្បៈបានទម្លាយថា សង្សារថ្មីរបស់ នាយចឺម ដែលមានឈ្មោះកញ្ញា គៀត បេឡា ជាតារាសម្តែង និងម៉ូដែល គេហៅនាងថា Je Far នេះ មានរូបសម្រស់ស្អាត សាច់ដូចបណ្តូលចេក មិនចាញ់អតីតសង្សាររបស់ នាយចឺម ទាំងពីរកញ្ញា ពុធ ស្រីខួច និងកញ្ញា អៀ ម៉េងលិ ហៅអូនម៉ីម៉ី នោះឡើយ ហើយនាងក៏ជាតារាសម្តែងភាពយន្ត និង MV ផងដែរ។
ថ្មីៗនេះដែរ គេក៏បានប្រទះឃើញ នាយចឺម បានបណ្តើរសង្សារទីបីគឺកញ្ញា គៀត បេឡា ដោយបង្ហាញភាពផ្អែមល្ហែមយ៉ាងស្អិតល្មួតនៅទូរទស្សន៍ប៉ុស្តិ៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១១ ខែឧសភា ដើម្បីច្រៀងក្នុងកម្មវិធី «តន្ត្រី AD» ហើយតារាចម្រៀងសាន់ដេ រូបនេះ បានបង្ហើរសំនៀង3 បទគឺ «គ្មានអ្នកណាល្អគ្រប់10» បទ«រាំកៀនទ្រុងជ្រូក» និងបទ «ទៅគេសុំទោស»។
ខណៈពេលនោះគេក៏លាន់មាត់សរសើរ នាយចឺម ថា ពិតជាពូកែរកបានសង្សារថ្មីមែន គឺសុទ្ធតែស្អាត សាច់ខ្ចីញេញតែម្តង តារាផ្សេងៗមិនអាចប្រជែងជាមួយ នាយចឺម បានទេ រឿងពូកែរកស្រីស្នេហ៍បានស្អាតៗនេះ អ៊ីចឹងហើយបានជានាងៗពីមុន ទោះជាស្អាតយ៉ាងណា ឱ្យតែមិនត្រូវចិត្ត នាយចឺម គឺតារាចម្រៀងរូបនេះ ទៅរកមួយទៀត ហើយដាច់ខាតត្រូវតែស្អាត មិនឱ្យចាញ់អ្នកចាស់នោះទេ។
សង្សារថ្មី នាយចឺម នាង JeFar ក៏ត្រូវគេសង្ស័យថា ពួកគេបានក្លាយទៅជាគូដណ្តឹងគ្នាទៅហើយដែរ តែស្រីស្អាតក៏និយាយហាក់ផ្អើលៗជាមួយអ្នកយកព័ត៌មានថា៖«ខ្ញុំមានទាន់បានភ្ជាប់ពាក្យឯណា ឥឡូវកំពុងមើលចិត្តគ្នាសិនតើបង! ខ្ញុំបានថតបទចម្រៀជាមួយ បង ចឺម បាន 3 បទ ហើយក៏ធ្លាប់ថតឱ្យថោន និងថតរឿងឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ 5 ដូចជារឿង រៃប្តូរទ្រនុំ» រឿង«ក្រមុំជនបទ» និងរឿង «ជួបស៊យវគ្គ2»។ និយាយទៅ ឱ្យតែសិល្បៈ ខ្ញុំស្រលាញ់ទាំងអស់ ទាំងសម្តែង បង្ហាញម៉ូដ ច្រៀង និងពិធីការិនី ហើយខ្ញុំនឹងស៊ូដើម្បីឱ្យសម្រេចបំណងទាំងនេះបាន»។
លើសពីនេះមានព័ត៌មានបង្ហើបថា នាយចឺម បានបង្កាត់ភ្លើងស្នេហ៍នឹងស្រីស្អាត JeFar ក្រោយពេលមកថតសម្តែង MV បទ «សុំទោសប៊ិក សុំទោសសៀវភៅ» ដែលច្រៀងដោយ នាយចឺម ហើយថ្វីមាត់របស់នាយចឺម ពូកែអន្ទងចិត្តស្រីស្រស់នោះ ទើបធ្វើឱ្យតារាសាច់សខ្ចីវ័យ ២៣ ឆ្នាំ រូបនេះ ក៏មិនអាចគេចផុតពីកណ្តាប់ដៃ នាយចឺម បានឡើយ៕