យោងតាមអ្នកវិភាគលោក Hideki Yasuda នៅឯវិទ្យាស្ថាន Ace Research Institute បានប៉ាន់ប្រមាណថាម៉ាស៊ីនហ្គេម PlayStation 5 របស់ក្រុមហ៊ុន Sony នឹងសម្រេចចេញផ្សាយនាអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០ ជាមួយតម្លៃប្រមាណ ៤៩៩ ដុល្លារ ។
លម្អិតពីប្រភពដដែលក៏បានប្រមើលមើលថាម៉ាស៊ីនហ្គេម PlayStation ជំនាន់ក្រោយនឹងទទួលបានតួលេខលក់ ៦ លានគ្រឿងនៅឆ្នាំដំបូង និង ១៥ លានគ្រឿងថែមទៀតនៅឆ្នាំបន្ទាប់ ពោលគឺសរុបមានដល់ ២១ លានគ្រឿង ដែលជាភាពរឹងមាំមួយក្នុងការតតាំងជាមួយម៉ាស៊ីន Xbox ជំនាន់ថ្មីរបស់ក្រុមហ៊ុន Microsoft នៅលើទីផ្សារ។
រំឭកថាចចាមអារ៉ាមមួយផ្សេងទៀតធ្លាប់បានចុះផ្សាយកន្លងទៅ ដោយក្រុមហ៊ុនប្រទេសជប៉ុនក៏គ្រោងនឹងបំពាក់នូវអង្គគណនា AMD Ryzen មាន 8 cores ប្រភេទ 7nm Zen 2 និង GPU Radeon ជំនាន់ថ្មី បន្សំការប្រើប្រាស់ SSD ល្បឿនលឿនអាចលោតដំណើរការហ្គេមត្រឹមមួយពព្រិចភ្នែក។
យ៉ាងណាមិញចំពោះដំណឹងច្បាស់ការ ក៏មានតែការរង់ចាំមើលទាំងអស់គ្នា ពោលគឺតម្រុយខ្លះៗអាចចេញផ្សាយត្រឹមចុងឆ្នាំ ២០១៩ ឬអាចពន្យារដល់ព្រឹត្តិការណ៍ E3 នាឆ្នាំ ២០២០៕