• តោះ! មក​ទស្សនាខ្សែភាពយន្តឯកសាររឿង «ឆ្មាំ​ព្រៃ» ទាំងអស់គ្នា!

    ភ្នំពេញៈ ខ្សែភាពយន្ត​ឯកសារ​ស្តីពី​ជីវិត​ពិតរឿង​ «ឆ្មាំ​ព្រៃ» ដែល​បង្ហាញ​ពី​ដំណើរ​ជីវិត​របស់​ព្រះសង្ឃ​មួយអង្គ​ព្រះនាម ប៊ុន សា​លួត បានធ្វើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោយពី​ព្រះអង្គ​បាន​ជួប​ជាមួយ​នឹង​អតីត​យោធា​​ខ្មែរក្រហម​ម្នាក់ ដែល​បាន​បួស​ជា​ព្រះសង្ឃ។

    ព្រះសង្ឃ ប៊ុន សាលួត ​ត្រូវបាន​អតីត​យោធា​រូបនោះ ណែនាំ​ពី​ព្រៃ​សង្ឃ​រុក្ខ​វ័ន ដែលជា​តំបន់​ធម្មជាតិ សម្បូរ​ដោយ សត្វព្រៃ ព្រៃឈើ ជីវចំរុះ និង​ធនធាន​ធន​ធ្ម​ជាតិ​ដ៏​សម្បូរបែប និង​​​​ជា​អតីត​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​នៅ​​ស្រុក​អន្លង់វែង។
    ​ព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​ទំហំ ជាង​៣២០០០ ហិត​តា និង​បាន​ជាប់​ពានរង្វាន់​លេខ​មួយ ជា​ព្រៃ​ ដែលមានការអភិរក្ស​ល្អ​ជាងគេ នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ិ​ហ្វិ​ច​។ ​ក្រៅពី​សកម្មភាព​​ដោះ​គ្រាប់មីន និង​ឈូសឆាយ​សាងសង់​​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​​នានា​នៅ​តំបន់​ព្រៃ​សង្ឃ​រុក្ខ​វ័ន ព្រះ​តេជគុណ ប៊ុន សា​លួត ក៏​បាន​តស៊ូ​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​នេះ​ពី​ការ​កាប់​ទន្ទ្រាន និង​បំផ្លាញ​ពី​សំណាក់​ជនខិលខូចផង​ដែរ​។

    ខ្សែភាពយន្ត​ឯកសារ​នេះ មាន​រយៈពេល​ប្រមាណ​ជាង​មួយ​ម៉ោង និង​ចាក់​បញ្ចាំង​ឲ្យ​ទ​ស្សា​នា​ដោយ​សេរី នៅ វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃទី ២០ ខែឧសភា ក្នុង​ទិវា​នៃ​ការចងចាំ​។ នៅក្នុង​ការចាក់ បញ្ចាំង​ខ្សែភាពយន្ត​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ព្រះសង្ឃ​ចំនួន ​៥០០ ​អង្គ និង​មាន​សិស និស្សិត អង្គទូត​នានា ​​អភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ អភិបាល​ស្រុក​អង​ន្ល​ង់​វែង និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត​។

    គម្រោង​នៃ​ការបង្កើត​ខ្សែភាពយន្ត​ឆ្មាំ​ព្រៃ​នេះ ត្រូវបាន​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ លោក ឆាំង យុ​វ័យ ផ្តួចផ្តើមឡើង​មាន​តាំងពី​ឆ្នាំ​២០០០មក​​។ ប៉ុន្តែ​ការថត​ទើបតែ​ចាប់ផ្តើម​រយៈពេល​ ២ ​ឆ្នាំ​ចុង ក្រោយ នេះ ដោយមាន​ការសហការ​ជាមួយ ផលិតកម្ម​ស្លឹករឹត​ភាពយន្ត ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ (USAID) ស្ថានទូត​អាមេរិក ក្រសួងការបរទេស និង​អង្គការ​ UNDP​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ