ភ្នំពេញៈ ថ្មីៗនេះតារាស្រីថ្មី ដែលបានប្រឡូកក្នុងអាជីពជាពិធីការិនីដំបូង ហើយក៏ក្លាយជាតារាចម្រៀងក្រោយ កញ្ញា មាស អាលីស ទទួលជោគជ័យនៅក្នុងអាជីពរបស់ខ្លួនយ៉ាងខ្លាំង ដោយក្រៅពីមានមុខឡើងប៉ុស្តិ៍ទូរទស្សន៍មិនសូវលោះពេលនោះ នាងក៏បានច្រៀងប្រចាំក្នុងហាងធំមួយយ៉ាងកាលីបផងដែរ ដោយសារតែទឹកដមសំលេងរបស់នាងស្រដៀងគ្នា រៀមច្បងតារាចម្រៀងស្រី អ្នកនាង ហួយ មាស។
កាន់តែពិសេសនោះ នាងក៏ទើបតែត្រូវបានខាងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ផ្ដល់សិទ្ធិឲ្យចេញទៅច្រៀងនៅលើទឹកដីសហរដ្ឋអាមេរិក ជាលើកដំបូង នាចុងខែឧសភា នេះ ខណៈដែលនាងបានប្រកាសថា សុខចិត្តទម្លាក់ចោលការងារក្នុងស្រុកទាំងអស់ គ្រាន់តែបានដំណឹងជាប់ទៅច្រៀង។
កញ្ញា មាស អាលីស ប្រាប់ពីអារម្មណ៍រំភើបនាពេលទទួលបានជោគជ័យ និងត្រូវបានបងប្អូនខ្មែររស់នៅប្រទេសអាមេរិក គាំទ្រខ្លួន ហើយជាសំណាងល្អក៏ត្រូវបានសម្ភាសន៍ជាប់ទៅសម្តែងទៀតនោះ។ កញ្ញាថា ខ្លួនត្រូវបានស្ថានទូតអាមេរិកយល់ព្រមផ្តល់ទិដ្ឋាការឲ្យទៅសម្ដែងរយៈពេល ៧ ខែ ដោយគម្រោងចាកចេញសម្ដែងរបស់នាង គឺនឹងចេញពីប្រទេសកម្ពុជា នៅចុងខែ ឧសភា ឆ្នាំ២០១៩នេះ។
កញ្ញា មាស អាលីស បន្តថា ៖«នេះជាលើកទី១ ដែលខ្ញុំមានឱកាសបានចេញ ទៅប្រទេសមហាអំណាច ដូចជាតារាភាគច្រើនទទួលបានការអញ្ជើញដូចគ្នា តែការសម្ភាសន៍ទៅមិនងាយជាប់នោះទេ។ អ្វីដែលនាងខ្ញុំសប្បាយចិត្តទៅទៀត គឺកន្លែង ដែលទៅច្រៀងប្រចាំថ្ងៃ បានយល់ព្រមផ្ដល់ច្បាប់ឲ្យចំនួន ៧ ខែ ទើបត្រឡប់មកវិញ»៕