(ក្រុងឡុងដ៍)៖ បន្ទាប់ពីរកបានក្រុមពីរដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Champions League 2019 ក្នុងនោះក្រុមដែលស្ថិតក្នុងមូលដ្ឋានទឹកដីអង់គ្លេស Liverpool ត្រូវប៉ះ Tottenham Hotspur ត្រូវប្រជែងគ្នា ដណ្តើមជើងឯក។ នៅពេលនេះសហព័ន្ធគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានដាក់ចេញនូវកីឡាករលេងល្អប្រចាំ ព្រឹត្តិការណ៍ទាំង ៤រូបដែលជាកីឡាកររបស់ក្រុមទាំងពីរទៀតផង។
បេក្ខភាពវគ្គផ្តាច់ព្រ័ត្រកីឡាករទាំង ៤ដែលសហព័ន្ធ UEFA បានដាក់ចេញមាន Lucas Moura និង Sissoko របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur និង ២រូបទៀតមាន Wijnaldum និង Alexsander-Arnold ជាកីឡាកររបស់ហង្សក្រហម Liverpool ដែលពួកគេសុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អនាការប្រកួតទាំងពីរ ជើងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវបាន UEFA ដាក់ឲ្យអ្នកគាំទ្របោះឆ្នោត (Vote) យកតែកីឡាករ ១រូបល្អជាគេប៉ុណ្ណោះ។
គួរបញ្ជាក់ផងថា កីឡាករខ្សែប្រយុទ្ធមាន់ខ្នាយមាស Lucas Moura អាចជាបេក្ខភាពទទួលបានការ Vote ច្រើន ជាងគេ ព្រោះកីឡាករប្រេស៊ីលរូបនេះរកបាន ៣គ្រាប់ត្រឹម ១ប្រកួត គ្រាដែល Wijnaldum រកបានតែ ២គ្រាប់ គ្រាដែល Alexsander-Arnold និង Sissoko សុទ្ធតែជាអ្នករួមចំណែកជួយរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ មិត្តរួមក្រុមខាងលើ ដើម្បីជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ៕