(ថៃ)៖ ថៃបានប្រើប្រាស់សត្វដំរីពណ៌សចំនួន ១១ក្បាលឲ្យដើរក្នុងក្បួនដង្ហែ ខាងក្រៅព្រះបរមរាជវាំង បន្ទាប់ពីបញ្ចប់ពិធីឡើងគ្រងរាជ្យ របស់ព្រះមហាក្សត្រថៃបាន ១ថ្ងៃកាលពីអង្គារសប្ដាហ៍នេះ។ ដំរី និងម្ចាស់ដែលមកពីខេត្តអាយុធ្យា បានធ្វើពិធីក្បួនដង្ហែ និងគោរព នៅចំពោះមុខព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រថៃថ្មី ក្នុងចំណោមអ្នកចូលរួមយ៉ាងច្រើនកុះករ។ នេះបើតាមការចេញផ្សាយដោយ CGTN នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
ក្រណាត់សូត្រពណ៌លឿង ត្រូវបានគេតុបតែងយ៉ាងពិសេស ដើម្បីបំពាក់នៅលើខ្នងសត្វដំរី រួមជាមួយនឹងកម្រងផ្កាពណ៌លឿង ដែលគេបានបំពាក់នៅក្បាលរបស់វា ហើយក្នុងចង្វាក់ហ្សីក សត្វដំរីត្រូវដើរបោះជំហានឲ្យបានចំនួន ១០ជំហាន ដើម្បីបញ្ជាក់ពីនិមិត្តរូបនៃរជ្ជកាលទី១០ នៃរាជរង្សចក្រី។
តាមពិត សត្វដំរីពណ៌សទាំងនោះ ត្រូវបានគេលាបថ្នាំពណ៌ស ដែលបានមកពីការលាយជាមួយម្សៅ ហើយលាបនៅលើខ្លួនដំរី ដើម្បីប្រែក្លាយឲ្យទៅជាដំរីសពិតៗ ហើយចំពោះការលាបថ្នាំនៅលើសត្វដំរីនេះ គឺគ្មានសារធាតុគីមីនោះទេ។
អ្នករស់នៅក្នុងក្រុងបាងកក លោក Panarat Panchuer (ផាណារ៉ាត់ ផានឆឺរ) អាយុ ៦១ឆ្នាំបានរៀបរាប់ថា ដំរីដើរតួនាទីយ៉ាងសំខាន់ នៅក្នុងប្រវត្តិសាស្រ្ត។ ដំរី គឺជានិមិត្តរូបនៃព្រះមហាក្សត្រដែលជានិមិត្តរូបនៃសមរភូមិ ក៏ដូចជានិមិត្តរូបនៃសន្តិភាព និងភាពស្ងប់ស្ងាត់ដែរ៕