អំឡុងពេលប្រកាសពីចំណូលប្រចាំត្រីមាស ក្រុមហ៊ុន EA បានបង្ហើបដំណឹងភ្ញាក់ផ្អើលមួយដល់អ្នកនិយមលេងហ្គេមលើទូរសព្ទ គឺក្រុមហ៊ុនអ្នកអភិវឌ្ឍ Respawn Entertainment នឹងនាំយកហ្គេម Apex Legends ដែលធ្លាប់តែមានលើ PC និងម៉ាស៊ីនហ្គេម (Console) មកដាក់ឲ្យលេងនៅលើជំនាន់ទូរសព្ទ (Mobile)។
ក្នុងការបញ្ជាក់របស់ក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា៖ “យើងកំពុងចរចាក្នុងការនាំយក Apex Legends ចូលទីផ្សារចិននិងជំនាន់ទូរសព្ទ”។ ត្បិតពុំមានការបង្ហើបឲ្យជាក់លាក់ជាងនេះ តែវាជាសញ្ញាវិជ្ជមានមួយដែល EA មានបំណងចង់ជំរុញឲ្យ Apex មានការប្រកួតប្រជែងកាន់តែខ្ពស់ជាមួយនឹងហ្គេម Fornite ក៏ដូចជា PUBG។
ដោយគូប្រជែងទាំងពីរនេះសុទ្ធសឹងមានបង្កើតសម្រាប់ជំនាន់ទូរសព្ទ តែដើរយុទ្ធសាស្រ្តផ្សេងគ្នា ដោយ Fornite ផ្តល់បទពិសោធន៍សម្រាប់អ្នកលេងដូចគ្នាគ្រប់ប្រភេទមាតិកា ខុសពី PUBG ចែកដាច់មាន PUBG Mobile ជាដើម។ គិតត្រឹមខែធ្នូកន្លងទៅហ្គេមទាំងពីរប្រមូលបានអ្នកលេងខ្ទង់ ២០០ លាននាក់ឯណោះ។
សម្រាប់ Apex Legends លើជំនាន់ទូរសព្ទ iPhone & Android មិនទាន់លម្អិតច្បាស់ពីកាលបរិច្ឆេទចេញផ្សាយនៅឡើយ តែតាមការឲ្យដឹងក្រុមហ៊ុនកំពុងដុតដៃដុតជើងខ្លាំង មានបំណងចង់ផ្តល់ជូនសម្រាប់អតិថិជនរបស់ខ្លួនឲ្យបានឆាប់រហ័សបំផុត៕