(ក្រុងឡុងដ៍)៖ នៅពេលថ្មីៗនេះ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានដាក់ចេញនូវ បេក្ខភាពកីឡាករឆ្នើម ៧រូប ដើម្បីប្រជែងពានរង្វាន់ EA SPORTS Player of the Season 2019 ដែលមកក្លឹបធំៗ ៣ផ្សេងគ្នារួមមាន Manchester City, Liverpool និង Chelsea។ នេះបើយោងតាមចេញផ្សាយដោយ premierleague កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។
កីឡាករដែលមកពីក្លឹប ៣ផ្សេងគ្នាក្នុងនោះមាន Sergio Aguero, Bernardo Silva និង Raheem Sterling របស់ Manchester City ត្រូវប្រជែងជាមួយតារាឆ្នើម ៣រូបមកពី Liverpool មាន Mohamed Salah, Virgil van Dijk និង Sadio Mane ហើយក្នុងនោះ កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard មកពីក្លឹបតោខៀវ Chelsea ដែលកំពុងឈរ លើតារាងជាកីឡាករដែលបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានច្រើនជាងគេ ១៥គ្រាប់ និងរកបាន ១៦គ្រាប់ ទៀតផង។
ចំណែកឯអតីតអ្នកស៊ុតបានច្រើនជាងគេកាលពីរដូវកាលមុន កីឡាករ Mohamed Salah ដែលកំពុងមានភាគរយ ខ្ពស់រកបាន ២២គ្រាប់ច្រើនជាងគេក្នុងរដូវកាលនេះ ត្រូវបានតាមពីក្រោយដោយមិត្តរួមក្រុម Sadio Mane និងគូប្រជែង Sergio Aguero ដែលរកបាន ២០គ្រាប់ ហើយអ្វីដែលសំខាន់នោះ កីឡាករទាំង ៣រូបខាងលើមាន ភារៈកិច្ចត្រូវប្រជែងពានជើងឯកលីគកំពូលរវាងក្លឹប និងក្លឹបផងដែរ៕