ឧបករណ៍ភ្លេង​​​ភ្ល​យ​​​ជន​​ជាតិ​​​ជង​នៅ​តំបន់​សហគមន៍​​អារ៉ែង​ ​កំពុង​ត្រូវ​បាន​អភិរក្ស​

កោះកុងៈ​ ទី​បំផុត​បុរស​វ័យ​ ៨៥ ឆ្នាំ ជា​ជន​ជាតិ​ជង​ ដែល​កំពុង​តែ​រស់​នៅ​តំបន់​សហ​គមន៍​អារ៉ែង ​និង​​​ជា​ម្ចាស់​ដើម​​​នៃ​ឧបករណ៍​ភ្លេង​ភ្លយ​ បាន​យល់​ព្រម​ទទួល​បណ្តុះ​បណ្តាល​​ជំនាញ​របស់​ខ្លួន​បន្ត​ដល់​ក្មេង​ៗ​​ជំនាន់​​ក្រោយ​ បន្ទាប់​ពី​លោកតា​​ខំ​សំងំ​លាក់​បាំង​នូវ​ចំណេះ​នេះ​ ជា​យូរ​យា​មកក៏​​ព្រោះ​តែ​គ្មាន​​ការ​​ពេញ​​និយម និង​​ឲ្យ​​តម្លៃ​​នោះ។​ ភ្លយ​ ​គឺ​ជា​ឧបករណ៍​ភ្លេង​របស់​ជនជាតិភាគ​តិច​អម្បូរ​ «ជង» ដែលកំពុង​តែ​​មាន​​វត្តមាន ​នៅ​​ក្នុង​ប្រទេស​​​កម្ពុជា​ ខណៈ​ពេល​សព្វ​ថ្ងៃ ​វា​ស្ទើរ​តែ​បាត់​ឈ្មោះ​ និង​លែង​មាន​ការ​ពេញ​និយម ​ពី​អ្នក​ស្រុក​ភូមិ​ទៅ​​ហើយ​ដែរ​​ ព្រោះថា​​ឧបករណ៍​ភ្លេង​មួយ​នេះ ​ត្រូវ​បាន​​ប្រគំ​​សម្រាប់​​ផ្លុំ​​ថ្វាយ​ និង​បន់​ស្រន់​ ទៅ​ដល់​អ្នក​តា​​ម្ចាស់​​ស្រុក​តាម​​ជំនឿនៃ​​​​ជនជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ​។

តែ​នា​រយៈ​ពេល ​១ ​ឆ្នាំ​ ចុង​ក្រោយ​នេះ ​គឺ​នៅ​ឆ្នាំ​​២០១៨ ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​ និងជួយ​ជ្រោម​ជ្រែង​​​​ពី​ក្រុម​រថ​យន្ត​តន្រ្តី​ទិព្វ​ខ្មែរ​​មក​នោះ ក៏​មាន​ការបើក​វគ្គ​បណ្តុះ​បណ្តាល​​បង្រៀន​សិស្ស​ ដែល​ជា​​ក្មេង​​​ជំនាន់​ក្រោយ​ឲ្យ​រៀន​ជំនាញ​ឧបករណ៍​ភ្លេង​ភ្លយ​ ដើម្បី​ជួយ​អភិរក្ស និង​រក្សា​បន្ត​​នូវកេរតំណែល​វប្បធម៌​សិល្បៈ​​ ដែលស្ទើរ​បាត់​បង់ ​មាន​​នៅ​ឯ​តំបន់​សហគមន៍​អារ៉ែង ស្ថិត​នៅ​ស្រុក​ថ្មបាំង​ ​​ខេត្ត​កោះ​កុង​​។​​

អ្នក​ស្រី ថន សីម៉ា ជា​ប្រធាន​គ្រប់​គ្រង​ផលិត​កម្ម​វិធី និង​ជា​សហ​​ស្ថាបនិក​នៃ​ក្រុម​រថ​យន្ត​តន្រ្តី​ទិព្វ​ខ្មែរ​ បាន​​​​​ប្រាប់​ពី​ការ​បើក​បង្រៀន​ឧបរកណ៍​ភ្លេង​ភ្លយ​នេះ​ថា៖ «យើង​បាន​ជួយ​រៀបចំ ​ឲ្យ​មាន​កា​រ​បង្រៀន​​​​​​​​​ឧប​ករណ៍​​នេះ​​​​បាន​ចំនួន​​ ១​​​​ ឆ្នាំ​ ហើយ ​​ក៏​ដោយសារតែ​​មាន​​​ការ​យល់​ព្រម​បង្រៀន​បន្ត​ពី​លោកតា ដួង ញឹក​ ដែល​​​​ជា​ជន​​ជាតិ​​ជង ម្ចាស់​ឧបករណ៍​ភ្លេង​ភ្លយ​​នោះ​​។ ព្រោះ​តែនេះ​​ជា​បើក​​វគ្គ​​ដំបូង ហើយ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​​ពី​សំណាក់​ក្មេង​ជំនាន់​ក្រោយ​នោះ ទើប​ការ​បង្រៀន​វគ្គ​ដដំបូង​ ទទូល​បាន​សិស្ស​តែ ​៣ នាក់ ប៉ុណ្ណោះ​​ ដែល​ពួកគាត់​សុទ្ធតែជា​សិស្ស​រស់​នៅ​ឆ្ងាយ​​ៗ ពី​​ផ្ទះ​របស់​លោក​តា​ទៀត​ គឺផ្ទះ​របស់​​សិស្ស​ទាំង​នោះមាន​​​​នៅ​​ចម្ងាយប្រ ៣០ គីឡូម៉ែត្រ និងចម្ងាយ ​៤០ គីឡូម៉ែត្រ​ឯណោះ​​​។ ​ការ​បង្រៀននេះ​​គឺ​ ១​ ​សប្តាហ៍​មាន​​ចំនួន​ ២ ​ថ្ងៃ​​គឺ​ថ្ងៃ​សៅរ៍ និង​​អាទិត្យ ខណៈ​មួយ​ថ្ងៃ​រៀន​តែ​ចំនួន ២ ម៉ោង»។​

​អ្នកស្រី​ ថន សីម៉ា​ បាន​ ​បន្ត​​ថា៖ «លោក​គ្រូ ដួង ញឹក គឺ​ជា​ជន​ជង​​​តែ​មួយ​គត់ ដែល​​ចេះ​ទាំង​​បង្កើត​ និង​លេង​ឧបករណ៍ភ្លេង​ភ្លយ​​នេះ​ ខណៈ​គាត់​មាន​វ័យ ៨៥ ឆ្នាំ​ ទៅ​ហើយ​ដែរ។ ក្រោយ​ពី​យើង​បាន​ព្យាយាម​សម្រប​សម្រួល​ជាមួយ​នឹង​​សហ​​គមន៍​​អេកូ​ទេសចរណ៍​អា​រ៉ែង​ ​ដែល​​ជា​មូល​ដ្ឋាន​ផ្ទាល់របស់​លោក​តា ដួង ញឹក មក​គាត់​ក៏​យល់​​ព្រម​​​ទទួល​​បង្រៀនជំនាញ​នេះ​​​បន្ត​ដល់​ក្មេង​ជំនាន់​ក្រោយ​​ ហើយ​យើង​ក៏​បាន​ជួយ​ឧបត្ថម្ភ​ថ្លៃ​បង្រៀន​ដល់​​គាត់​ផង​ដែរ​។ លើសពី​នេះ​ យើង​ក៏​បាន​រៀបចំ​ឲ្យ​មាន​កម្ម​វិធី​មួយ​មាន​ឈ្មោះ​ថា «តន្រ្តី​ផ្ទះខ្ញុំ» ​នៅ​តំបន់​សហគមន៍​អារ៉ែង​ ផង​ដែរ ដើម្បី​ជា​ការជួយ​ឲ្យគាត់​ និង​សិស្ស ព្រម​ទាំង​ក្រុមអុ្នក​​សិល្បៈនានា​​នៃ​សហគមន៍ទាំង​ស្រុង​​អាច​មាន​កម្ម​វិធី​លេង​ជំនាញ​តន្រ្តី​របស់​ខ្លួន សម្រាប់​ទទួល​ភ្ញៀវ​ ដែល​​មក​កម្សាន្ត​ ហើយ​អាច​រក​ប្រាក់​កម្រៃ​បាន​ពី​សិល្បៈ​របស់​ខ្លួន​ទៀត​ផង​»។​​ ភ្លេងភ្លយ​នេះ សំឡេង​វា​គឺ​មានលក្ខណៈស្រដៀងគ្នាទៅ​នឹងសំឡេងរបស់​សត្វកន្លង់ ដោយ​គេ​យក​បំពង់​ឫស្សី​៣​ដើម ប៉ុនៗគ្នាមក​រៀប​ជា​ដំណាក់ មានចន្លោះ​ដូច​ជា​ឧបករណ៍ខ្លុយ​ខ្មែរ តែ​គេ​ភ្ជាប់​ផ្លែ​ឃ្លោក​ និង​បិទ​យ៉ាងជិត ទុកចំហ មាត់ឃ្លោក រួចគេអាចផ្លុំបញ្ចេញសំឡេងតាម មាត់ឃ្លោក នោះ​តែម្តង ដែល​​មើល​វា​​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ផ្លុំឧបករណ៍​ភ្លេង​គេន​ដែរ​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ