ភ្នំពេញៈ ក្រោយពីឧស្សាហ៍បង្ហាញពីសម្ព័ន្ធភាពសិ្នទ្ធស្នាលបើកចំហនៃចំណងស្នេហ៍រវាងតារាចម្រៀងស្រីកំពុងតែឡើងកូដនៅទ្រនំហង្សមាសកញ្ញា សួស វីសា និងលោក ថមមី ខណៈមហាជនក៏សាទរគូស្នេហ៍នេះផងនោះ តែនៅរង់ចាំអ៊ុតមើលថា ពួកគេនឹងចូលរោងការពេលណាផងដែរ បន្ទាប់ពីមានសំណើសុំរៀបការខាងប្រុសកន្លងមកនោះ។
នាពេលថ្មីៗនេះ ស្រាប់តែមានដំណឹងគួរឲ្យភ្ញាក់ផ្អើលថ្មីទៀត ដោយល្បីថា នាឱកាសខួបកំណើតគូស្នេហ៍ខ្លួនគឺលោកថមមី ក្រៅពីមាននំខួបកំណើត រៀបចំនៅផ្ទះវីឡាទំនងជាទ្រនំរួមស្នេហ៍ក្រោយរៀបការពួកគេនោះ ក៏លេចវត្តមានរថយន្តថ្មីសន្លាងម៉ាក Lexus NX 200t ដែលមានតម្លៃខ្ទង់ ៣-៤ ម៉ឺន ដុល្លារ សម្រាប់កាដូខួបកំណើត។ ខណៈរថយន្តថ្មីសន្លាងនេះ ត្រូវបានលេចឮថា កញ្ញា សួស វីសា ក៏មានចំណែកទិញជូនគូស្នេហ៍នាងផងដែរ។
បើតាមសារបង្ហើរចេញពីហ្វេសប៊ុកនាងគឺមានលក្ខណៈយកចិត្តទុកដាក់ និងមានក្តីស្រឡាញ់នឹងលោកថមមី ក៏មិនតិចដែរ ដោយសរសេរថា៖««រីករាយថ្ងៃកំណើតពូម៉ៅ 05. 05 19 គេសូមជូនពរឲ្យពូម៉ៅ មានសុខភាពល្អ អាយុវែង ប្រកបការងារជោគជ័យ រីកចម្រើន នឹងមានសម្រស់ស្អាតប៉ុហ្នឹងបានហើយ កុំឲ្យស្អាតជាងហ្នឹងទៀត ព្រោះខ្លាចស្អាតជាងគេពេក ហើយសូមជូនពរឲ្យពូម៉ៅ មានតែសុភមង្គលក្នុងជីវិត ជាពិសេសថ្ងៃនេះ សូមឲ្យយកសមាជិកថ្មីពណ៌សក្នុងក្តីស្រមៃនោះ យកមកជិះសុំឲ្យហេងៗ និងកាន់តែកាក់កបខ្លាំងឡើងណា»។
លុះក្រោយមកក៏ឃើញលោក ថមមី តបសារអរគុណវិញថា៖ «អរគុណដល់កាម៉ាប់ ជាពិសេស ម៉ាយស្នេហាបង បងស្រឡាញ់អូនខ្លាំងណាស់ និងអរគុណ បងប្អូន ក្រុមគ្រួសារ ទាំងអស់ ដែលបានស៊ុបប្រាយថ្ងៃកំណើតដល់ខ្ញុំ អរគុណប៉ា អ្នកម៉ាក់ ដែលបានបង្កើតកូនមកឲ្យមានសព្វថ្ងៃនេះ ហើយសូមស្វាគមន៍ដល់សមាជិកថ្មីប្រុសស សូមឲ្យជោគជ័យហេងហេងចូលមក មានសុវត្ថិភាពក្នុងធ្វើដំណើរជិតឆ្ងាយ»។
មុននេះនៅខេត្តស្វាយរៀងរបស់តារាចម្រៀងស្រី សមត្ថភាពអាចច្រៀងទាំងបុរាណ និងសម័យ កញ្ញា សួស វីសា ដែលក៏ជាថ្ងៃខួបកំណើតខ្លួនផងដែរនោះ កំលោះរូបសង្ហាលោក ថមមី បានដកចិញ្ចៀនពេជ្រ ១ វង់ជូនជាកាដូ និងសុំនាងរៀបការទាំងក្នុងចំណោមមនុស្សច្រើន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនម្តងរួចមកហើយ៕