ក្រោយពីលេចធ្លាយរូបរាង និងលក្ខណៈសម្បត្តិផ្ទួនរួចមក នៅទីបំផុតស្មាតហ្វូនតម្លៃធូរថ្លៃដំបូងរបស់ Google បានបង្ហាញមុខជាផ្លូវការ ដែលជាម៉ូដែល Pixel 3a និង Pixel 3a XL។
ចំណុចខ្លាំងរបស់ស្មាតហ្វូននេះគឺនៅត្រង់ផ្នែកកាមេរ៉ាផ្ទាល់ ដោយសារកាមេរ៉ារបស់វាដូចគ្នានឹងកាមេរ៉ាបំពាក់លើ Pixel 3 យ៉ាងអ៊ីចឹងដែរ។ Pixel 3a/3a XL មានបំពាក់កាមេរ៉ាខាងក្រោយកម្រិត ១២,២ MP មាន Aperture f/1.8 ដែលមានមុខងារពិសេសដូចជា Night Sight សម្រាប់ថតពេលយប់, Top Shot, Super Res Zoom និងមុខងារ HDR+ ជាដើម។
សម្រាប់អេក្រង់វិញក៏មិនណយដែរ ដោយវាគឺជាប្រភេទ OLED ហើយនៅលើ Pixel 3a មានទំហំ ៥,៦ អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត FHD+ និងនៅលើ 3a XL មានទំហំ ៦ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត FHD+ ដូចគ្នា។
ដើម្បីរក្សាតម្លៃឲ្យទាប Google បានប្រើប្រាស់ប្លាស្ទិកដើម្បីផលិតស្មាតហ្វូនទាំងនេះ ហេតុនេះមិនមានកញ្ចក់ចំហុយ ឬ លោហធាតុប្រណីតដូចជា Pixel 3/3 XL ឡើយ។ កញ្ចក់ការពារខាងមុខក៏មិនមែនជា Gorilla Glass ដែរ ដោយប្រើកញ្ចក់ Dragon Trail ជំនួសវិញ។
លក្ខណៈសម្បត្តិផ្សេងទៀតរបស់ Pixel 3a/3a XL មានដូចខាងក្រោមនេះ ៖
- ប្រើបន្ទះឈីប Snapdragon 670
- RAM ទំហំ ៤ GB និងអង្គផ្ទុកទំហំ ៦៤ GB
- កាមេរ៉ាខាងមុខកម្រិត ៨ MP ជាមួយ Aperture f/2.0
- ថ្មរបស់ Pixel 3a មានទំហំ ៣០០០ mAh និង 3a XL មានទំហំ ៣៧០០ mAh
- មានទ្រនាប់ស្កេនម្រាមដៃនៅខាងក្រោយ
- មានរន្ធដោតកាស 3.5 mm
- គ្មានរន្ធបន្ថែមមេមូរីកាត
- មានមុខងារច្របាច់ដើម្បីដំណើរការជំនួយការ Google
- ប្រើប្រព័ន្ធប្រតិបត្តិការ Android 9 Pie
- មានជម្រើសពណ៌ខ្មៅ ស និងស្វាយ
- Pixel 3a មានតម្លៃ ៣៩៩ ដុល្លារ និង 3a XL មានតម្លៃ ៤៧៩ ដុល្លារ
- ដាក់លក់ចាប់ពីថ្ងៃនេះលើទីផ្សារសហរដ្ឋអាមេរិក និងកាណាដា និងទីផ្សារដទៃទៀតនៅថ្ងៃទី ១៥ ខាងមុខ