សៀមរាបៈ ស្នាដៃគំនូរដូចជារូបលោកវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលទើបតែបានចែកឋាននោះ មើលទៅមានលក្ខណៈដូចគ្នាបេះបិទតែម្តង មិននឹកស្មានថា ជាគំនូរឡើយ ខណៈជាស្នាដៃវិចិត្រកម្មរបស់វិចិត្រករម្នាក់មានដុងពីកំណើត និងធ្លាប់បានរៀនជំនាញវិចិត្រកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានអាថ៌កំបាំងមិនទាន់ឲ្យមហាជនស្គាល់ឈ្មោះពិត នៅឡើយដោយឲ្យស្គាល់ត្រឹមឈ្មោះក្រៅហៅថា «វិចិត្រករខ្មែរ ឬ ស្តេចគំនូរ»។ ដោយមានទេពកោសល្យផ្នែកគំនូរតាំងពីតូចមក ទើបនាំឲ្យវិចិត្រករខ្មែរម្នាក់ ដែលមហាជនខ្លះដាក់រហស្សនាមថា «ស្តេចគំនូរ» សុំមិនទាន់បញ្ចេញឈ្មោះបច្ចុប្បន្នវ័យ ៣១ ឆ្នាំ បានកសាងស្នាដៃផ្នែកគំនូរប្រេងយ៉ាងច្រើន និងកំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនគ្រប់ស្រទាប់វ័យ កោតសរសើរពីទឹកដៃដ៏ល្អវិចិត្រនេះ។
វិចិត្រករលាក់ឈ្មោះរូបនេះរៀបរាប់ប្រាប់ថា៖ «តាមពិត ជំនាញគូរគំនូររូបនេះ ខ្ញុំចេះគូរវាសបានល្អជារូបរាងតាំងពីខ្ញុំរៀននៅសាលាបឋមម្ល៉េះ ដោយពេលនោះ ខ្ញុំគូររូបឲ្យមិត្តភក្តិ ដែល ១ សន្លឹកក្រដាស A4 ឬ A3 តម្លៃ ១ ៥០០ រៀល ហើយពេលរៀននៅអនុវិទ្យាល័យខ្ញុំនៅតែជួលគូររូបឲ្យគេដដែល ដោយតម្លៃឡើងមក ១ សន្លឹក ៥ ០០០ រៀល ហើយក្រោយមកខ្ញុំក៏ចាប់ផ្តើមគូរគំនូរតាមជញ្ជាំងវិហារវត្តនានា»។ ខណៈការងារសិល្បៈផ្នែកគំនូរប្រេង ដែលមើលទៅមានលក្ខណៈដូចគ្នាបេះបិទនឹងរូបភាពដើម គូរនៅលើផ្ទាំងគំនូរ បានជួយកសាងកេរ្តិ៍ឈ្មោះវិចិត្រករខ្មែរ មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្នកំពុងតែបើកហាងលក់គំនូរដ៏ធំនៅឯផ្សាររាត្រី ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
វិចិត្រករខ្មែរមានរហស្សនាមថា «ស្តេចគំនូរ» ដែលធ្លាប់ជាក្មេងរស់នៅវត្តសារាវ័ន កាលពីពេលរៀនមហាវិទ្យាល័យ និងកើតឆ្នាំនាគ ហើយមាននិស្ស័យស្រឡាញ់គំនូរមាននិមិត្តរូបសត្វនាគដែរនោះ បានបន្តថា៖ «សព្វថ្ងៃនេះ ខ្ញុំមានហាងលក់ផ្ទាំងគំនូរផ្ទាល់ខ្លួននៅឯក្រុងសៀមរាប ក្បែរផ្សាររាត្រី ហើយរាល់ស្នាដៃគំនូររបស់ខ្ញុំលក់ដាច់ សឹងតែគ្មានគំនូរឲ្យភ្ញៀវទាន់តាមតម្រូវការឡើយ។ ចំពោះគំនូរខ្ញុំមានតម្លៃទាបបំផុតចាប់ពី ១ ផ្ទាំង ១០ ដុល្លារ រហូតដល់ ១ ផ្ទាំងតម្លៃ ២ ០០០ ដុល្លារ។ តែការគូរគំនូររបស់ខ្ញុំប្រើអារម្មណ៍ច្រើន ដូច្នេះរាល់ការកុម្ម៉ង់គូររូបណា ដែលមានលក្ខណៈប្រញាប់ប្រញាល់នោះខ្ញុំក៏មិនទទួលដែរ ព្រោះឈរលើគោលការណ៍ផ្ចង់អារម្មណ៍ទៅលើការគូរខ្លាំងជាងការកំណត់ពេល។ អ៊ីចឹងហើយបានជាផ្ទាំងគំនូររបស់ខ្ញុំភាគច្រើនទទួលបានការពេញចិត្តពីភ្ញៀវ»៕