ភ្នំពេញៈ ស្នាដៃដំឡើងជារូបថតចំនួន ២០ សន្លឹក និងខ្សែវីដេអូ ២ ប៉ុស្តិ៍ របស់វិចិត្រករ និងអ្នកថតជាតិសឹង្ហបុរី ២ បង្ហាញពីអាសនៈបូជា នៅក្រោមដើមឈើនៃរូបព្រះជាច្រើន ដែលបានរកឃើញនៅតាមឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសសឹង្ហបុរី កំពុងដាក់តាំងក្នុងរាជធានីភ្នំពេញ ក្នុងវិចិត្រសាលស-ស ក្រោមប្រធានថា «នៅក្រោមដើមពោធិ៍» មានរយៈពេល ២ ខែ គឺតាំងថ្ងៃទី២៦ ខែមេសា បន្តដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។
បើតាមសេចក្តីបរិយាយឲ្យដឹងថា៖ «ការបង្ហាញរូបចម្លាក់ និងរូបភាពទាំងនេះ ភាគច្រើន គឺជារូបនៃសាសនាហិណ្ឌូ សាសនាព្រះពុទ្ធ សាសនាតាវ និងសាសនាក្លាយក្នុងស្រុក ហើយជាញឹកញាប់មានទម្រង់ជាព្រះគណេស ព្រះឥសូរ ហនុមាន ព្រះពុទ្ធ ព្រះម៉ែគង់ស៊ីអ៊ីម (ព្រះលោកេស្វរៈ) លោកតាឥសី និង តួអង្គព្រះមួយចំនួនផ្សេងទៀត។សិល្បករសឹង្ហបុរីពីររូបគឺលោក ជូ ហាវផី និងលោក លី ឆាងមីង ដែលសិល្បករទាំង២រូបនេះ ចងក្រងជាឯកសាររូបភាព និងវីដេអូ ស្តីពីវត្តមានបណ្តោះអាសន្នរូបចម្លាក់ និងរូបភាពព្រះ ដែលគេបំបោះបង់ នៅតាមក្រោមដើមឈើនានា។ អាសនៈមិនផ្លូវការទាំងនេះ ជាធម្មតាបានបង្កើតឡើងជាអនាមិកនៅពេលដែលគេប្រទះឃើញរូបព្រះ រសាត់តាមសមុទ្រមកទើរ នៅឆ្នេរសិង្ហបុរី។ បន្ទាប់មក គេក៏រើសយកវាទៅដាក់នៅក្រោមដើមពោធិ៍នៅក្បែរៗនោះជាការគោរព។
យ៉ាងណាវត្តមានរបស់រូបព្រះទាំងនេះគឺមានរយៈពេលខ្លី ព្រោះគេចាត់ទុកថាការដាក់រូបព្រះនៅតាមដើមឈើនេះគឺជាទង្វើខុសច្បាប់ ដូច្នេះហើយរដ្ឋាភិបាលសឹង្ហបុរី តែងសម្អាតវាចេញជាញឹកញាប់។ ការសម្អាតរូបព្រះទាំងនេះ បង្កើតសំនួរសម្រាប់សិល្បករថា៖ «ព្រោះវាបង្ហាញថា ប្រហែលគ្មានកន្លែងសម្រាប់ការគោរពប្រណិប័តន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ នៅក្រៅពីស្ថាប័នសាសនា និងអាសនៈអចិន្ត្រៃយ៍ទេមើលទៅ?»។
សេចក្តីបរិយាយនោះបន្តថា៖« ពិព័រណ៍នៅក្រោមដើមពោធិ៍ គឺឆ្លុះបញ្ចាំងពីរចនាសម្ព័ន្ធវប្បធម៌សង្គមសាសនា ជាតិសាសន៍ ក៏ដូចជាភូមិសាស្ត្រនយោបាយរបស់ប្រទេសសឹង្ហបុរី។ វាក៏ចង្អុលបង្ហាញផងដែរពីភាពតានតឹង និងជម្លោះរវាង ការអនុវត្តន៍នូវវប្បធម៌ ដែលបានចាក់ឫសគល់ ដ៏រឹងមាំ និងការព្យាយាមគ្រប់គ្រងសណ្តាប់ធ្នាប់នៅសម័យសង្គមទំនើប៕