(លីវើភូល)៖ លោក Jurgen Klopp គ្រូបង្វឹក Liverpool បានបញ្ជាក់ថា កីឡាករខ្សែប្រយុទ្ធ Mohamed Salah អាចបង្ហាញវត្តមានក្នុងជំនួបទល់នឹង FC Barcelona នៅ UEFA Champions League ស្អែកនេះ ខណៈមិត្តរួមក្រុម Roberto Firmino នឹងអវត្តមានដោយសារបញ្ហារបួស។
ក្រុមដែលកំពុងឈរនៅកំពូលតារាងនៃ Premier League បច្ចុប្បន្នត្រូវការ ៣គ្រាប់នៅកីឡដ្ឋាន Anfield នារាត្រីម៉ោង ២៖០០នាទីស្អែកនេះ បន្ទាប់ពីពួកគេបានរបូត ៣គ្រាប់នៅកីឡដ្ឋាន Camp Nou កាលពីជើងទី១ នៅដើមខែឧសភា ឆ្នាំ២០១៩ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ UEFA Champions League។
ខ្សែប្រយុទ្ធប្រេស៊ីល Firmino ក៏ត្រូវបានដាក់ចូលលេងក្នុងជំនួសកីឡាករ Keita ផងដែរកាលពីជើងទី១ មុនពេលអត់ បានលេងជាផ្លូវការក្នុងជើងទី២ ស្អែកនេះដោយសារតែបញ្ហារបួសសាច់ដុំ ពេលជួយ Liverpool យកឈ្នះម្ចាស់ផ្ទះ Newcastle United ៣-២ ក្នុង Premier League កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ក្នុងការជួយក្រុមហង្សក្រហមឡើងទៅឈរនៅកំពូលតារាង Premier League ដោយមាន ៩៤ពិន្ទុ។
ទន្ទឹមគ្នានោះ កីឡាករអេហ្ស៊ីប Salah ដែលត្រូវបានសែងចេញពីទីលានដោយសាររងរបួសក្បាលផងនោះ នឹងអាចចូល លេងវិញបានក្នុងជម្រើស ១១នាក់ដំបូងដដែល ក្នុងការវាយបកយកជ័យជម្នះ ៣-០ វិញនៅ Champions League នេះបើតាមការបញ្ជាក់របស់លោក Klopp នៅក្រោយបញ្ចប់ការប្រកួតរវាង Liverpool ទល់នឹង Newcastle United៕