បុរសតៃវ៉ាន់ម្នាក់បានអះអាងថាខ្លួនបានច្រឡំលេបAirPods ចូលទៅក្នុងពោះ ពេលកំពុងលង់លក់ក្នុងដំណេក។ គួរឲ្យភ្ញាក់ផ្អើលនោះគឺនៅពេលតែបញ្ចេញចោលមក កាសនេះនៅតែដំណើរការធម្មតា។
បុរសខាងលើមានឈ្មោះថា Ben Hsu ដោយគេបានគេងលក់ ទាំងមានពាក់កាស AirPods ប៉ុន្តែពេលភ្ញាក់ឡើងស្រាប់តែបាត់កាសម្ខាង។ ពេលប្រើប្រាស់មុខងារស្វែងរកនៅលើ iPhone ទើបដឹងថាកាសម្ខាងទៀតគឺស្ថិតនៅក្នុងបន្ទប់របស់ខ្លួននៅឡើយ ហើយថែមលើសំឡេងទឹតៗនៅក្បែរខ្លួនទៀត។
Ben Hsu បាននិយាយថា ៖ “ខ្ញុំបានឆែកមើលក្រោមភួយ និងមើលជុំវិញប៉ុន្តែរកវាមិនឃើញ ក្រោយមកទើបខ្ញុំដឹងថាសំឡេងគឺឮចេញពីពោះរបស់ខ្ញុំ”។
Ben បានទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការឆ្លុះ X-Ray ដែលពេលនោះទើបបានបញ្ជាក់បានទីតាំងពិតរបស់កាសម្ខាងទៀត។ គ្រូពេទ្យបានប្រាប់ឲ្យគេវះកាត់ ប៉ុន្តែវាក៏អាចដោះស្រាយបានដោយការបញ្ចេញចោលតាមបែបធម្មជាតិផងដែរ។
នៅពេលបញ្ចេញចោល និងលាងសម្អាតរួច កាសម្ខាងទៀតនៅតែដំណើរការបានដូចធម្មតា ដោយថាមពលថ្មនៅមាន ៤១% ហើយ Ben បាននិយាយថានេះជារឿងមិនគួរឲ្យជឿមួយដែលខ្លួនបានជួបប្រទះ៕