ស្រុកកោះធំៈ តំបន់សហគមន៍កំពង់កុង ដែលមានច្រើនភូមិគឺជាចំណុះនោះ មានទីតាំងនៅឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ឬមានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីប្រជុំជននៃស្រុកកោះធំ ខណៈបច្ចុប្បន្ននេះ របរបន្ទាប់បន្សំត្បាញអង្រឹង ឬកន្ទេល ស្លឹកជ្រែមួយនេះ ហាក់ដូចជានៅសល់តិចជាងមុន ដោយសារតែមិនសូវជាសម្បូរទីផ្សារលក់ដូរ។
លោក វ៉ាត រត្ន តំណាងសហគមន៍កំពង់កុង ក៏កំពុងតែស្វះស្វែងរកទីផ្សារសម្រាប់យកអង្រឹងស្លឹកជ្រែ ផងដែរ ក្រោយពីបានសង្កេតឃើញថា ការប្រកបរបរនេះកំពុងតែមានការថតចុះចំនួនពលរដ្ឋនៅក្នុងសហគមន៍នោះ។ លោកបង្ហើបថា៖ «សព្វថ្ងៃនេះ យើងកំពុងតែស្រាវជ្រាវ និងចងក្រងពីរុក្ខជាតិជ្រែផង និងជំរុញឲ្យពលរដ្ឋខ្មែរក្នុងសហគមន៍កំពង់កុង ឲ្យបន្តប្រកបរបរត្បាញអង្រឹង ឬកន្ទេលស្លឹកជ្រែ នេះផងដែរ ខណៈពួកខ្ញុំក៏ខិតខំរកទីផ្សារលក់ផលិតផលរបស់ពួកគាត់។ ហើយម្យ៉ាងទៀតរបរនេះ ក៏ជាមរតកវប្បធម៌ពីដូនតាពួកគាត់ផងដែរ មិនគួរឲ្យបាត់បង់នៅជំនាន់ក្រោយនោះទេ»។
បើតាមការរៀបរាប់ពីតំណាងសហគមន៍កំពង់កុង រុក្ខជាតិជ្រែ សម្បូរណាស់ នៅក្នុងតំបន់សហគមន៍កំពង់កុង គឺមានចំនួនប្រមាណជារាប់ម៉ឺនដើម ខណៈរក្ខជាតិនេះវាក៏មានភាពងាយស្រួលនៅក្នុងការដាំដុះផងដែរ ព្រោះវាជារុក្ខជាតិ ដែលធន់នឹងអាកាសធាតុគ្រប់រដូវកាល។ លោក វ៉ាត រត្ន បន្តថា៖ «ចំនួនដើមជ្រែទាំងអស់នៅក្នុងសហគមន៍កំពង់កុង គឺប្រហែលជាមានរាប់ម៉ឺន ឯណោះ ដោយ ពលរដ្ឋយើងក៏លោកនៅតែបន្តដាំ និងថែរក្សាវា ដើម្បីទុកធ្វើជាវត្ថុធាតុដើមនៃការផលិតជាសម្ភារប្រើប្រាស់ជាច្រើនទៀតផងដែរ គឺមិនមែនសម្រាប់តែយកមកត្បាញអង្រឹង ឬកន្ទេល នោះឡើយ។ សម្រាប់អង្រឹងស្លឹកជ្រែវិញ ១ អាចលក់ក្នុងតម្លៃ ៤ ម៉ឺនរៀល ឬ ៥ ម៉ឺនរៀល ខណៈការធ្វើវាក៏ត្រូវប្រើពេលវេលាយូរគួរសមគឺប្រមាណ២-៣ ថ្ងៃ ឯណោះ បើទោះបីជាការការងារមួយមិនតម្រូវធ្វើឲ្យជាប់លាប់មែនក្តី។ ជាទូទៅអង្រឹងស្លឹកជ្រែមានប្រវែងប្រមាណ ២ ឬ ២,៥ ម៉ែត្រ ដែលអាចយកទៅចងគេងលេងបានទៅតាមស្ថានភាពជាក់ស្តែង»។
ជ្រែ គឺជារុក្ខជាតិព្រៃជ ដែលមានដុះនៅតាមតំបន់ត្រូពិច វា វាមានឈ្មោះជាភាសាអង់គ្លេសហៅថា Sago palm និងឈ្មោះវិទ្យាសាស្រ្តហៅ Metroxylon Sagu។ រុក្ខជាតិជ្រែ មានពូជទីទៃពីគ្នា ខណៈពូជជ្រែនៅស្រុកខ្មែរ ទាល់តែមានអាយុ ២០ ទៅ ៣០ ឆ្នាំ ទើបវាឡើងម្សៅពេញដើម។ អត្ថប្រយោជន៍នៃរុក្ខជាតិជ្រែនេះ ដើម្បីបានម្សៅ គេត្រូវកាប់ដើមវាហើយកោសយកម្សៅដែលជាសាច់របស់វា ទៅច្រោះយកជាតិម្សៅ ខណៈម្សៅជ្រែនេះគេក៏យកទៅធ្វើម្សៅនំទៀតផង ដោយម្សៅជ្រែក៏សម្បូរដោយជាតិប្រូតេអ៊ីនខ្ពស់ ដែលអាចចិញ្ជឹមមនុស្សបាន។ ចំណែកឯដើមជ្រែ នៅស្រុកខ្មែរយើងរូបរាងស្រដៀងដើមត្នោត ឬដើមដូងដែរ ហើយសង្កេតឃើញថា ពលរដ្ឋខ្មែរច្រើនយកទៅច្នៃធ្វើជាឃ្នាល សម្រាប់កើបលាមកគោ ក្របីរបស់គាត់តាំងដើមមក ហើយស្លឹកវាគឺគេយកមកក្រង ឬត្បាញជាកន្ទេល និង អង្រឹង ជាដើម។
លោកអ្នកចង់បានអង្រឹងស្លឹកជ្រែ ដែលជាផលិតផលសិប្បកម្មរបស់សហគមន៍កំពង់កុង អាចទំនាក់ទំនងជាមួយលេខទូរសព្ទទាំងនេះបានគឺ 081 933 722 / 017 84 00 83 /0976 360 306 ឬ អាចចូលតាមគេហទំព័រមានឈ្មោះថា វប្បធម៌សហគមន៍កំពង់កុង៕