ភ្នំពេញៈ ក្រោយពីកូនស្រីទី៣ ឈ្មោះ ជា សុជាតិនារី ជាបុត្រីដំបូងនៃចំណងស្នេហ៍ជាមួយ ជា វិបុល និងអ្នកនាង គង់ សុជាតិ ចម្រើនវ័យជាង ២ ឆ្នាំ ហើយនោះ ក៏ស្រាប់តែប្តីប្រពន្ធមានអាជីពសិល្បៈជាពិធីការិនី និងពិធីករទូរទស្សន៍ដូចគ្នាគូនេះ កំពុងតែគ្រោងយកកូនប្រុសមួយទៀតនៅរដូវវស្សានេះ។
ពិធីការិនីរូបស្រស់ជាម្ចាស់បណ្តុះបណ្តាលវិជ្ជាជីវៈកែសម្ផស្ស អ្នកនាង គង់ សុជាតិ បានប្រាប់ថា៖ «ចាស!ជាការពិត ដោយនេះគឺសេចក្តីចង់បានរបស់ស្វាមីខ្ញុំ គឺគាត់ចង់បានកូនប្រុសមួយ។ ពួកយើងក៏កំពុងគិតរឿងនេះនៅឡើយគឺថា នឹងទៅពិគ្រោះរឿងសុខភាព ជាមួយគ្រូពេទ្យជំនាញសិនដែរ។ ហើយជាក្តីប្រាថ្នានោះ គឺខ្ញុំចង់ពពោះក្នុងរដូវកាលខែវស្សា ព្រោះថា យើងជាអ្នកសិល្បៈមិនសូវមមាញឹកការងារខ្លាំង។ ដូច្នេះយើងនឹងទៅពីគ្រោះយោបល់ជាមួយគ្រូពេទ្យហើយ និងសម្រេចចិត្តតាមក្រោយ»។
គួរបញ្ជាក់ថា ចំណងស្នេហ៍នឹងស្វាមីមុន អ្នកនាង គង់ សុជាតិ មានកូន ២ គឺកូនទី១ ប្រុស និងកូនស្រីទី២ ខណៈកូនស្រីទី៣ ជាមួយស្វាមីក្មេងក្រោយលោក ជា វិបុល ឈ្មោះ ជា សុជាតិនារី ដែលបានចាប់កំណើតកាលពីខែមករា ឆ្នាំ ២០១៧ កន្លងមក ខណៈថ្មីៗនេះស្រាប់តែស្វាមីចង់ក៏មានក្តីប្រាថ្នាចង់បានកូនប្រុស១ទៀត។
អ្នកនាង គង់ សុជាតិ បានបញ្ជាក់ទៀតថា៖ «កូនបន្ទាប់គាត់ ស្រឡាញ់កូនប្រុស ដូច្នេះហើយបានជាគាត់ចង់ឆ្លាស់គ្នាដូចកូនៗដែរគឺចង់បានឲ្យស្មើភាពគ្នា កូនស្រី ២ និងកូនប្រុស២»។
កាលពីថ្ងៃ ទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមក ពិធីករក្រមិចក្រមើមលោក ជា វិបុល បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គមថា៖ «ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខួបអាពាហ៍ពិពាហ៍គំរប់ខួប៥ឆ្នាំ។ ឆ្នាំនេះប្លែកបន្តិច ពីរនាក់ប្រពន្ធ និងក្រុមការងារអ្នកគ្រូព្រមទាំងសិស្សមួយចំនួននៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសុជាតិ បានមកភូមិបាគូរ សង្កាត់ដង្កោរ ខណ្ឌដង្កោរ ដើម្បីកាត់សក់ និងជូននំចំណីបន្តិចបន្តួចដល់កុមារ និងអ្នកភូមិ»៕