• ការប្រកួត​រ៉ូ​បូត​​​ឆ្នាំ ២០១៩ រកឃើញជ័យលាភី​លេខ​១ គឺ​ក្រុម វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

    ភ្នំពេញៈ ការប្រកួតប្រជែងរ៉ូបូត​ ​រយៈពេល​មួយ​ព្រឹក​ពេញ ដែលមាន​ក្រុម​ចំនួន​ប្រាំបួន ចូលរួម​ប្រជែង​​មកពី​វិទ្យា​ស្ថាន និង​​សកលវិទ្យា ចំនួន​៥ រួមមាន​៖ សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Royal university of Phnom Penh) សកល​​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (Nation University of management) វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា(Institute of Technology of Cambodia) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា(National Polytechnic Institute of Cambodia) និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះកុសុម (Preah Kossomak Polytechnic Institute) ។

    ជាមួយនឹង​សំឡេង​ហ៊ោកញ្ជ្រៀវ​ពី​ក្រុម​អ្នក​គាំទ្រ ការប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិលើក​ទី​៦ ឆ្នាំ​២០១៩ ធ្វើ​នៅ​ថ្ងៃទី ២៧ ខែមេសា នៅ​សាល​ដំបូលទូកនៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​មួយ​​ពាន់នាក់​។ ការ​ប្រកួត​រកឃើញ​​​ម្ចាស់​ជើងឯកគឺ​ ក្រុម វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC01) បាន​ចំណាត់​ថ្នាក់​លេខ១។

    ជ័យលាភី​លេខ​២ ដោយបានទៅ​ក្រុម NPIC02​ ខណៈ​ជ័យលាភី​ផ្នែក​វិស្វកម្ម បាន​ទៅលើ​ក្រុម​PPI01​​និង​ ជ័យ​លាភី​​ផ្នែក​​គំនិតបាន​ទៅលើ​ក្រុម ITC01​។ ចំណែក​ជ័យលាភី​ផ្នែក​រចនា បាន​ទៅលើ​ក្រុម ITC02​ និង​ ជ័យលាភី​ផ្នែក​ប្រជាប្រិយភាព បាន​ទៅលើ​ក្រុម ​​PPI01 ហើយ​ជ័យលាភី​ពានរង្វាន់​តូយ៉ូតាបាន​ទៅលើ​ក្រុម RUPP02​។​

    ក្រោយពី​ទទួល​ជ័យលាភី​លេខ​១ ក្រុម NPIC01 នឹង​ក្លាយជា​ក្រុម​តំណាង​កម្ពុ​ជា ​ត្រៀម​ចេញទៅ​ប្រកួត​បន្ត នៅ​ក្នុង​​ការប្រកួត​រ៉ូ​បូត​ជា​លក្ខណៈ​អន្តរជាតិ ABU Robocon 2019 នៅ​ទីក្រុង​អ៊ូ​ឡា​បា​តាន ប្រទេស​ម៉ុង​ហ្គោ​លី នា​ពេលខាងមុខ​។​​
    អ្នករៀបចំ​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​នេះ លោក ប៉ាង ចំណាន បានបញ្ជាក់​ថា​ពី​គោលបំណង​ក្នុង​ការ​រៀបចំ​​កម្មវិធី​នេះ​ធ្វើឡើង ដើម្បី​លើកកម្ពស់​វិស័យ​រ៉ូបូត​នៅ​កម្ពុជា ដែល​ដើរតួជាប្រព័ន្ធ​​ស្វ័យ​ប្រតិបត្តិកម្ម​​​ជំនួយ​សង្វាក់ការងារ​ដល់​វិស័យ​​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សុខាភិបាល។ ការ​ប្រកួត​ក៏​ជា​​ឱកាស​មួយ សម្រាប់​សិស្ស​និស្សិត បញ្ចេញ​សមត្ថ​ភាព បង្កើត​​អ្វីដែល​ថ្មី ផ្លាស់ប្តូរ​បទពិសោធ​ទៅវិញទៅមក​ផងដែរ​។​

    ​​ រ៉ូ​បូត​របស់​ក្រុម​ម្ចាស់​ជើងឯក​នេះ មាន​ចំនួន​ពីរ គឺ​រ៉ូ​បូត Manual (​ដើរ​ដោយ​តេ​លេប​ញ្ជា​) និង រ៉ូ​បូត Auto (​ដើរ​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​) ដែល​ចំណាយ​ថវិកា​ប្រមាណ​ជិត​ប្រាំមួយ​ពាន់​ដុល្លារ និង​រយៈ​ពេល​​ជាង​ ៤​ ខែ​៕​


    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ