• ក្រសួងវប្បធម៌ចាប់ផ្តើមទទួលការប្រឡងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យឆ្នាំ២០១៩

    ភ្នំពេញៈ ការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងខ្លី ជាលើកទី២០ សម្រាប់ឆ្នាំ២០១៩ បានចាប់ផ្តើមទទួលបេក្ខភាពអ្នកប្រកួតប្រជែងហើយ ខណៈការទទួលពាក្យចូលរួមដើម្បីប្រកួតនឹងផុតកំណត់រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ជាមួយប្រធានបទសេរី។

    លោក កុក រស់ ប្រធាននាយកដ្ឋានការអាន និងសៀវភៅ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា៖ «នេះគឺជាការប្រកួតជ្រើសរើសយកម្ចាស់ជយលាភីផ្នែកអ្នកមានស្នាដៃប្រលោមលោករឿងខ្លី និងកំណាព្យលើកទី២០ នៅក្នុងឆ្នាំ២០១៩នេះ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រាល់ឆ្នាំយើងដាក់ឈ្មោះពានរង្វាន់ មានលក្ខណៈខុសៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ហើយឆ្នាំនេះ យើងសម្រេចដាក់ឈ្មោះថា «ពានរង្វាន់ព្រះនាងឥន្ទ្រទេវី» ម្តងទៀត ដែលនេះគឺជាការដាក់ឈ្មោះលើកទី២ផងដែរ សម្រាប់ការរៀបចំប្រឡងជ្រើសរើសនូវស្នាដៃតែងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យរបស់ក្រសួង ដែលមានចំនួន ២០ លើកមកហើយ»។

    ឆ្នាំកន្លងមក ការប្រកួតប្រជែងតែងមានការកំណត់ប្រធានសម្រាប់ការតែងនិពន្ធទាំងប្រលោមលោក និងកំណាព្យរឿងខ្លី។ តែនារយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ក៏បានដាក់ប្រធានបទសេរី វិញដោយសារតែ នាពេលប្រឡងជ្រើសរើស ក្រុមបេក្ខជនចូលរួមប្រកួត គឺមានការតែងនិពន្ធមិនសូវត្រូវ ឬស្របតាមប្រធានបទ និងក៏ផលលំបាកមួយសម្រាប់ក្រុមគណៈកម្មការវាយតម្លៃរកម្ចាស់ជយលាភីផងដែរ។

    លោក កុក រស់ បន្តថា៖ «ឆ្នាំនេះយើងក៏ដាក់ប្រធានបទសេរីដែរ ដោយឈរលើគោលការណ៍សំខាន់ទាំងបីគឺមានអត្ថន័យ (មានបីចំណុចសំខាន់គឺសច្ចធម៌ សីលធម៌ និងគុណធម៌) អត្ថរូប (មានបីចំណុចគឺវិធីតែង រចនាបថ និងសិល្ប៍សោភ័ណ្ឌ) និងអត្ថរស(មានបីចំណុចគឺបង្ហាញឲ្យឃើញពីការអប់រំ ការអភិវឌ្ឍ និងការរក្សាតម្លៃអត្តសញ្ញាណជាតិ)។ លក្ខខណ្ឌចូលរួមវិញក៏មានបីចំណុចដែររួមមានដូចជា អក្ខរាវិរុទ្ធ ត្រូវយកតាមវចនានុក្រមខ្មែរ (សម្តេចសង្ឃរាជ ជួន ណាត)អក្សរវាយកុំព្យូទ័រ (Font យូនីកូត Khmer OS Metal Chrieng, ទំហំ ១២ ឬសរសេរដោយដៃក៏បាន) និងខ្នាតក្រដាស A4 ដែលមានការកំណត់ចន្លោះពី ១៥ ទៅ ៣០ ទំព័រ ទាំងការតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងខ្លី។ វិធីសាស្រ្តចម្រាញ់យកបេក្ខភាពចូលរួមប្រកួតនោះនឹងធ្វើបីដំណាក់កាលដែរ»។

    រីឯជយលាភី នឹងត្រូវជ្រើសយកពីលេខ ១ ទៅដល់លេខ ៣ (ប្រលោមលោក ៣ នាក់ និងកំណាព្យ៣នាក់) ដែលទទួលបានពានរង្វាន់១ អមដោយទឹកប្រាក់រង្វាន់ និងមានផ្តល់រង្វាន់លោកទឹកចិត្តដែរគឺលេខ ៤-៥ (ប្រលោមលោក ២ នាក់ និងកំណាព្យ ២ នាក់) ដែលទទួលបានប័ណ្ណសរសើ ១ អមដោយទឹកប្រាក់រង្វាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ