ភ្នំពេញៈ ក្រោយពីសំងំរស់លាក់ភាពកម្សត់អស់ពេលជិត ១០ឆ្នាំ លោក ចាន់ សម័យ ក៏បានវិលចូលសិល្បៈចម្រៀងវិញ ដោយត្រូវផលិតកម្មក្នុងស្រុកមួយផ្ដល់ឱកាសឲ្យលោកគឺផលិតកម្ម Galaxy របស់ឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាត្រា។
នៅក្នុងដំណើរវិលត្រឡប់មកវិញនេះតារចម្រៀងជាម្ចាស់បទដ៏ល្បីគឺបទ «សុំមេមាន់១» ទើបបានបញ្ចេញបទផ្ទាល់មួយបទជាចង្វាក់តាលុង មានចំណងជើងថា «បាត់ស្រីទៅណា»។
គេនៅចាំបានថា លោក ចាន់ សម័យ គឺជាតារាចម្រៀងពេញនិយមកាលល្បីរឿងស្នេហា៤ដួង ឬ «F4» ក្នុងពេលនេះ លោកបានវិលត្រឡប់មកកាន់សិល្បៈចម្រៀងវិញ ក្រោយពីបាត់មុខឈឹងប្រមាណជិត ១០ ឆ្នាំ ដោយបានទៅរួមរស់ជាមួយប្រពន្ធ និងកូនយ៉ាងកម្សត់នៅឯតំបន់ព្រែកលៀប។
លោក ចាន់ សម័យ ប្រាប់ពីអារម្មណ៍រីករាយជាមួយនឹងឱកាសថ្មីនេះ ដោយមិនដែលនឹកស្មានថា នឹងអាចទទួលបានសារជាថ្មីទេ ក្នុងនោះថែមទាំងគ្រោងនឹងចេញបទចម្រៀងថ្មីបន្តបន្ទាប់ទៀតផង ដោយមានការគាំទ្រពីផលិតកម្មថ្មីនេះ។ បែបនេះក្ដី ជុំវិញការលើកឡើងថា តើ ការវិលត្រឡប់របស់លោក អាចនឹងធ្វើឲ្យទទួលបានភាពល្បីល្បាញឡើងវិញ ឬយ៉ាងណានោះ។ លោកថាគ្រាន់តែឆ្លើយថា មិនហ៊ាននិយាយពីបញ្ហានេះ ព្រោះថា ពេលលោកមានវ័យជ្រេបន្តិចទៅហើយ ហើយកាលៈទេសៈពេលនេះ ក៏មិនដូចកាលពីជាង ១០ ឆ្នាំ មុននោះដែរ។ លោកលើកឡើងថា៖ «ខ្ញុំមិនហ៊ាននិយាយមុនទេរឿង ទុកឲ្យបងប្អូនអ្នកស្ដាប់វាយតម្លៃទៅចុះ ម្យ៉ាង ឥឡូវអ្នកចម្រៀងយើងឥឡូវ ក៏ច្រើនជាងមុនទៅទៀត អីចឹងហើយខ្ញុំមិនហ៊ាននិយាយមុននោះទេ។ អ្វីដែលអាចធ្វើបាននាពេលនេះ គឺប្រឹងប្រែងឲ្យអស់លទ្ធភាព»។
លោក ចាន់ សម័យ បានចូលច្រៀងឲ្យផលិតកម្ម Galaxy កាលពីមុនចូលឆ្នាំថ្មីនេះ ដោយលោកបានចេញបទចម្រៀង ២ បទរួចហើយ សុទ្ធជាចង្វាក់ប្រជាប្រិយខ្មែរ។ តាមការអះអាង លោកថា បន្ទាប់ពីចូលឆ្នាំរួច លោកនឹងមានបទមួយចំនួនទៀតចេញបំពេអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ ទុកស្ដាប់កម្សាន្ត៕