សៀមរាប៖ លោកស្រី អ៊ុងសាន ស៊ូជី បានមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី២៩ មេសា និងបានបញ្ចប់ដំណើររបស់លោកស្រីនៅខេត្តសៀមរាប នៅថ្ងៃទី១ ឧសភា។ ក្នុងទស្សនកិច្ចនៅខេត្តសៀមរាប លោកស្រីបានទៅទស្សនាប្រាសាទអង្គរវត្ត មុននឹងបន្តទៅទស្សនាប្រាសាទបាយ័ន និងទីសក្ការបូជាព្រះអង្គងោក។ មគ្គុទ្ទេសក៍ដែលអមដំណើរទស្សនកិច្ច លោក អ៊ឹម សុខរិទ្ធី បានស្រង់សំដីលោកស្រី អ៊ុងសាន ស៊ូជី ដោយបញ្ជាក់ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា មានបំណងភ្ជាប់ទំនាក់ទំនងរមណីយដ្ឋានទីក្រុងបុរាណ បាហ្គាន់ (Bagan) របស់មីយ៉ាន់ម៉ា ដែលទើបចូលជាសម្បត្តិបេតិភណ្ឌពិភពលោក ជាមួយទីក្រុងទេសចរណ៍សៀមរាប ដើម្បីបង្កើនសក្កានុពល ក៏ដូចជាការអភិវឌ្ឍខ្សែទស្សនាលើវិស័យទេសចរណ៍រវាងគ្នានឹងគ្នា។
ដូចទៅនឹងថ្នាក់ដឹកនាំកំពូលៗដទៃទៀតដែរ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចាប់អារម្មណ៍ជាទូទៅនូវសំណង់ប្រាសាទបុរាណខ្មែរ ការកសាង សាសនា។ល។ តាមលោក អ៊ឹម សុខរិទ្ធី លោកស្រី អ៊ុងសាន ស៊ូជី ចាប់អារម្មណ៍ជាពិសេសចំពោះចម្លាក់រឿង មហាភារត នៅថែវខាងត្បូងអង្គរវត្ត ដែលកន្លងមកមិនសូវមានអ្នកចាប់អារម្មណ៍ និងយល់ដឹងច្រើន។ មហាភារត ជារឿងព្រហ្មញ្ញសាសនា ទាក់ទងនឹងកំណកំណើតនៃប្រទេសឥណ្ឌា។ លោក អ៊ឹម សុខរិទ្ធី លើកឡើងថា ដ្បិតលោកស្រី អ៊ុងសាន ស៊ូជី ជាអ្នកកាន់សាសនាព្រះពុទ្ធក៏ពិតមែន តែលោកស្រីយល់ដឹងច្រើនពីរឿងព្រហ្មញ្ញសាសនា ពិសេសដឹងសាច់រឿងច្រើនពីរឿងមហាភារតនេះ។
នៅប្រាសាទបាយ័នលោកស្រី អ៊ុងសាន ស៊ូជី បានចំណាយពេលខ្លី ដោយទស្សនានៅផ្នែកខាងក្រៅ បន្ទាប់ពីទៅគោរពបូជានៅព្រះវិហារព្រះអង្គងោក។ នៅទីនោះ មគ្គុទ្ទេសក៍បានបង្ហាញនូវសិលាចារឹតភាសាភូមាចំនួន២ផ្ទាំងនៅលើសន្លឹកសីមាក្រោយព្រះអង្គងោក ដែលតាមខ្លឹមសារបង្ហាញថា នៅជំនាន់នោះភូមាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកម្ពុជា៕
ប្រភព Khmer4141