ក្រសួងសុខាភិបាលឲ្យដឹងថាយ៉ាងហោចណាស់មានម្ចាស់បណ្ដាញសង្គមហ្វេសប៊ុកចំនួន១២កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរស Super XO គ្មានចុះបញ្ជិការត្រឹមត្រូវ និងថាឱសថនេះធ្វើឲ្យប៉ះពាល់សុខភាព។
សេចក្ដីជូនដំណឹងមួយចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ និងត្រូវផ្សព្វផ្សាយលើហ្វេសប៊ុកក្រសួងសុខាភិបាលនៅថ្ងៃនេះ ក្រសួងថាបណ្ដាញសង្គមចំនួន១២កំពុងផ្សព្វផ្សាយលក់ឱសថបំប៉នផ្លូវភេទបុរសSuper XO។ ឱសថនេះក្រសួងថាមួយបន្ទះមានចំនួន១០គ្រាប់ផលិតនៅប្រទេសថៃ តែមិនមានដាក់ទីតាំងច្បាស់លាស់ និងគ្មានក្រុមហ៊ុនផលិតច្បាស់លាស់ គ្មានចុះបញ្ជិការ និងគ្មានការអនុញ្ញាតផ្សព្វផ្សាយពីក្រសួងឡើង។
ប្រភពដដែលបន្តថាការផ្សព្វផ្សាយពីឱសថនេះគឺហួសពីការពិត គ្មានមូលដ្ឋានវិទ្យាស្រ្ត។ ក្រសួងថាដើម្បីជៀសវាងការខាតបង់ថវិការ ប៉ះពាល់សុខភាព ឬឈានដល់ការបាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ក្រសួងស្នើឲ្យប្រជាពលកុំប្រើឱសថប្រភេទនេះ។
ក្នុងករណីប្រជាពលរដ្ឋឃើញអ្នកចែកចាយ ឬលក់ឱសថប្រភេទនេះសូមរាយការណ៍មកកាន់ក្រសួង៕