មហាក្សត្រថៃ Maha Vajiralongkorn បានរៀបអភិសេកជាមួយម្ចាស់ក្សត្រី Suthida រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពិធីឡើងគ្រងរាជ្យរបស់ព្រះអង្គ។
ពិធីរៀបអភិសេកដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធហើយផ្សព្វផ្សាយគ្រប់ប៉ុស្ដិទូរទស្សន៍ផងដែរ។ ម្ចាស់ក្សត្រីរបស់ព្រះអង្គព្រះនាម Suthida Tidjai ដែលជាអតីតអ្នកបម្រើការលើយន្ដហោះរបស់ Thai Airways ត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់ព្រះអង្គ Vajiralongkornកាលពីឆ្នាំ ២០១៤។ រហូតមកដល់ខែធ្នូឆ្នាំ ២០១៦ ម្ចាស់ក្សត្រី Suthida ត្រូវបានតែងតាំងមេបញ្ជាការកងទ័ពនៃរាជវង្ស។ នៅក្នុងពិធីរៀបអភិសេកនេះ ក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចារផងដែរ។
គួរឲ្យបញ្ជាក់ថា មហាក្សត្រថៃ Vajiralongkorn ព្រះជន្ម ៦៦វស្សា នឹងត្រូវឡើងគ្រងរាជ្យនៃថ្ងៃទី ៤ខែឧសភានេះក្រោយពេលដែលបិតារបស់ព្រះអង្គ Bhumibol Adulyadej សោយទិវង្គតកាលពីខែតុលាឆ្នាំ ២០១៦៕