(បាសេឡូណា)៖ ក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុមភ្ញៀវមកពីអង់គ្លេស ហង្សក្រហម Liverpool ៣-០ ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Champions League នៅកីឡដ្ឋាន Camp Nou នាយប់មិញនេះ។
៣គ្រាប់ក្នុងដីនេះដែរ រឹតតែធ្វើឲ្យក្រុមនៅតំបន់កាតាឡាញនៃប្រទេសអេស្ប៉ាញមួយនេះ មានក្តីសង្ឃឹមខ្ពស់ក្នុង ការឡើង ទៅវគ្គផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មុនបញ្ចប់ជើងទី២ ដែលនឹងធ្វើឡើង នៅកីឡដ្ឋាន Anfield នាថ្ងៃទី៨ ខែឧសភា។
កីឡាករខ្សែប្រយុទ្ធ Luis Suarez រកបានគ្រាប់ទី១ ទៅលើក្រុមម្ចាស់របស់គេនៅនាទី២៦ ក្រោយពេលទទួល បាល់ពី មិត្តរួមក្រុម Jordi Alba មុនពេលខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi បន្ថែម២គ្រាប់នៅចុងវគ្គទី២ ពោលគឺនៅនាទី៧៥ និងនាទី៨២។ ២គ្រាប់នេះដែរបានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះរកបាន ២៦គ្រាប់ក្នុង UEFA Champions League ពេលប៉ះក្រុមអង់គ្លេស ច្រើនជាងគេ១៤គ្រាប់បើប្រៀបធៀបទៅនឹងកីឡាករដទៃ។
២គ្រាប់យប់មិញនេះដែរ ក៏ធ្វើឲ្យ Messi រកបានគ្រាប់សរុបកើនដល់ ៦០០គ្រាប់ក្នុងក្លឹប FC Barcelona ក្រោយ ពេល ចំណាយពេល ១៤ឆ្នាំលេងនៅ Camp Nou ជាមួយនឹងគ្រាប់ដំបូងរបស់គេកើតឡើងពេល Barcelona លេងទល់នឹង ក្រុម Albacete នាខែឧសភា ឆ្នាំ២០០៥៕