• តោះ! ចូលរួម​គាំទ្រ​ការ​បង្ហាញ​ឧប​ករណ៍​ភ្លេងគែន​នៅ​សារមន្ទីរជាតិ​ចុង​សប្តាហ៍​នេះ​

    ក្រុង​សំរោងៈ ​ ក្រុម​​អ្នក​អភិ​រក្ស​​ឧបករណ៍​ភ្លេង​បុរាណ​មួយ​ប្រភេទ ដែល​ជិត​បាត់​ ឬ​និយាយ​​​​​​បាន​ថា​នៅ​សល់​​តែ​មួយ​​​​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មក​ពី​ខេត្ត​​ឧត្តរមានជ័យ ​​​របស់​លោក​គ្រូ ម៉ុន ហៃ នឹង​​​​​មក​​ធ្វើ​បទ​បង្ហាញ​ពី​ឧបករណ៍​ភ្លេង​គែន​ នឹង​ធ្វើ​នៅឆាក​សារមន្ទីរ​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​៥ ខែ​​ឧសភា ឆ្នាំ​២០១៩ ខាង​មុខ​ ចាប់​ពី​ម៉ោង​ ៤ និង ​៣០ នាទី ដល់​ម៉ោង ៦ ល្ងាច ​ក្រោម​ការ​រៀបចំ​ដោយ​ក្រុម​​រយន្ត​តន្រ្តី​ទិ​ព្វ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។

    បច្ចុប្បន្ន​លោកគ្រូ​ ម៉ុន ហៃ វ័យ​ ៦៤ ឆ្នាំ ​គឺ​ជា​អ្នក​បន្ត​ថែរក្សា​​ឧប​ករណ៍​​ភ្លេង​​​កេរតំណែល​ពី​ដូន​តាប្រចាំ​​នៅ​ភូមិ​ក្រសាំង ឃុំ​បុស្បូវ​ ក្រុង​សំរោង ខេត្ត​ឧត្តរ​មាន​ជ័យ​ ​តែ​មួយ​គត់​ ដែល​បាន​ទៅ​​​រៀន​​​លេង​ឧប​ករណ៍​​គែន​ តាំង​ពី​ខ្លួន​មាន​វ័យ​ ២៥ ឆ្នាំ មក​ ​និង​មា​ន​ឪពុកជា​ខ្មែរសុរិន្ទ ​ម្ដា​យ​ជាតិ​​​​ខ្មែ​រ។​

    លោក​គ្រូ ម៉ុន ហៃ ដែល​កំពុង​តែ​បណ្តុះ​ចៅ​ស្រី​​​ ២ ​នាក់​​ ដែល​ម្នាក់​​​វ័យ ​១៨​ ឆ្នាំ និង​ម្នាក់​ទៀត វ័យ​ ១៦ ឆ្នាំ ​ឲ្យ​រៀន​លេង​ឧបករណ៍​គែន​បន្ត​ពី​គាត់​ ខណៈ​លោកគ្រូ​ក៏​​មាន​កូន​ ៥ នាក់​ ដែរ គឺ​សុទ្ធតែ​គ្មាន​និស្ស័យ​ខាង​​​សិល្បៈ​ប្រភេទ​នេះ​​ឡើយ ហើយ​លោក​ក៏​មាន​បំណង​ចង់​បោះ​បង់​ចោលវា​​ទៀត​ផង​​​។

    ​លោក​គ្រូ​បញ្ជាក់ឲ្យ​ដឹង​ពី​ឆន្ទៈ​បន្ត​ការ​អភិរក្ស​វង់​ភ្លេង​គែន​នេះ​​ថា​៖ «ដោយសា​រ​តែ​មាន​​ក្រុម​រថ​យន្ត​តន្រ្តី​ទិព្វ​​ និង​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ សំណូម​បន្ត​​ការ​អភិរក្ស និង​ជួយ​សម្រប​សម្រួល​ឲ្យខ្ញុំ​​មាន​ការ​បង្ហាត់​​​ឧបរកណ៍​នេះ ​បន្ត​ដល់​ក្មេង​ជំនាន់​ក្រោយ​​នា​ពេល​ ​៥-៦ ​ឆ្នាំ​ ចុង​ក្រោយ​មកនោះ​ ទើប​ខ្ញុំ​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​លើ​វា​ឡើង​វិញ​។ ហើយ​បច្ចុប្បន្ន​នេះ ខ្ញុំ​ក៏​មាន​ក្រុម​ទម្រង់​សិល្បៈ​បុរាណ​ពីរ​វង់គឺ​ឧបករណ៍​ភ្លេង​គែន និង​​ភ្លេង​ថន ផង​ដែរ​​»។​ លោក​គ្រូ ម៉ុន ហៃ ​បន្ត​ថា៖ « ការ​ធ្វើ​បទ​បង្ហាញ​នេះ គឺ​ចង់​ផ្សព្វ​ផ្សាយ​ពី​ទម្រង់​សិល្បៈ​តន្រ្តី​បុរាណ​​មួយ​នេះ ​ឲ្យ​​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

    វង់​ភ្លេង​គែន ឬ​ ឧបករណ៍​ភ្លេង​​គែន គេ​ច្រើន​ប្រទះ​ឃើញ​មាន​ការ​ប្រគំ​លេងនៅ​​តាម​ពិធីច្រើន​យ៉ាង​​​មាន​ដូច​ជា​ពិធី​បុណ្យ​សព បុណ្យ​សែន​អ្នក​តា ពិធី​​បញ្ជាន់​អារក្ស​ ​​បច្ច័យបួន​ បុណ្យ​ដារ​លាន ឬ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​បុណ្យ​ទាន​នានា​ជា​ដើម។​

    លោកគ្រូ​ ម៉ុន ហៃ បាន​បញ្ជាក់​បន្ថែម​ថា៖ «​បើ​តាមការ​​ចំណាំ​តរៀង​មក​នោះ​ ​គឺ​គេ​លេង​បាន​ទាំង​​ក្នុង​ពិធី​មាន​​ភាព​បែប​សោក​សៅ​ផង និង​បែប​សប្បាយ​ផង តែ​លើក​លែង​​ពិធី​មង្គល​ការ​មួយ ដែល​គេ​​មិន​​​យក​​មកប្រគំ​​លេង​នោះ​ឡើយ​។ ​កាល​ពី​មុន​វង់​ភ្លេង​គែន នេះ​មាន​ការ​គាំទ្រ និង​ពេញ​និយម​ច្រើនពី​សំណាក់​អ្នកស្រុក​អ្នក​ភូមិ​ទាំង​ចាស់​ទាំង​ក្មេង​ ប្រៀប​ដូចជា​ទម្រង់​សិល្បៈ​តន្រ្តី​បុរាណ​នានា​នៅ​តំបន់​ខេត្ត​ផ្សេងៗ​​​ដូចជា​​ចាប៉ី ឬ​អាយ៉ៃ ផង​ដែរ​។ ​តែ​ឥលូវនេះ​ ដោយសារ​វត្តមាន​តន្រ្តី​សម័យ និង​ឧបករណ៍​ភ្លេង​បាស់​ បាន​ធ្វើ​ឲ្យ​ការ​តន្រ្តីគែន​ មាន​ការ​ថយ​ប្រជាប្រិយ​ភាព​ខ្លាំង សឹង​តែ​គ្មាន​អ្នក​ស្គាល់​ ជាពិសេស​​ក្មេង​​ជំនាន់​ក្រោយ​​​តែ​ម្តង​។​ ដោយ​ឡែក​ការ​ចូល​រួម​មើល​​ការ​បង្ហាញ​ឧបករណ៍​គែន​នេះ ក៏​តម្រូវ​ឲ្យ​ភ្ញៀវ​ជាវ​សំបុត្រ​ទស្សនា​​ផង​ដែរ ខណៈ​សំបុត្រ​ ១ តម្លៃ​ ៥០០០ រៀល៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ