ក្រោមកម្ដៅថ្ងៃដ៏ក្ដៅនៅអារ៉ាប ទីក្រុងឌូបៃបាននិងកំពុងកែច្នៃវាលខ្សាច់ទៅជាឧទ្យានផ្ទាំងសូឡាដ៏ធំសម្បើមសម្រាប់ផលិតអគ្គិសនីប្រើប្រាស់។
យោងតាមអាជ្ញាធរថាមពល និងធនធានទឹកឌូបៃឲ្យដឹងថា គម្រោងដ៏មហិមានេះត្រូវបានអភិវឌ្ឍអស់រយពេល ៨ឆ្នាំហើយដោយចំណាយទឹកប្រាក់ជាង ១៣ប៊ីលានដុល្លារ។ នៅពេលសាងសង់រួច គម្រោងនេះនឹងអាចផ្គត់ផ្គង់អគ្គិសនីដល់ផ្ទះចំនួនជាង១,៣លានខ្នង និងអាចផលិតអគ្គិសនីបាន ៥ពាន់មេហ្គាវ៉ាត់។ យ៉ាងណាមិញ មកទល់ពេលនេះក្រុមការងារ កំពុងជួបប្រទះនឹងបញ្ហាប្រឈមមួយ គឺដោយសារដីខ្សាច់ដែលបក់មកទុំលើផ្ទាំងសូឡាដែលធ្វើឲ្យការផលិតអគ្គិសនីធ្លាក់ចុះ។ ដូច្នេះ ពួកគេកំពុងអភិវឌ្ឍថ្នាំសម្រាប់លាបកុំឲ្យដីខ្សាច់ទុំពីលើផ្ទាំងសូឡា ក៏ដូចជាអភិវឌ្ឍប្រព័ន្ធសម្អាតជាប្រចាំផងដែរ។
គួរបញ្ជាក់ថា គម្រោងនេះ បានចាប់ផ្ដើមឡើងដំបូងកាលពីឆ្នាំ ២០១២ ហើយនិងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ ២០៣០៕