ភ្នំពេញៈ តារាចម្រៀង និងជាតារាសម្តែងពហុជំនាញអ្នកនាង ខាត់ សុឃីម កាន់តែមានភាពល្បីល្បាញក្នុងអាជីពជាអ្នកសិល្បៈទោះបីជាមានវ័យជ្រេបន្តិច ប៉ុន្តែរូបសម្រស់វិញកាន់តែស្រស់ស្អាត ចំណែកមុខរបររកស៊ីក្រៅរង្វង់សិល្បៈក៏មានភាពជោគជ័យ ថែមទាំងកាន់តែមានសុមង្គលក្នុងគ្រួសារកើនឡើងផងដែរ។
បើទោះបីជាតារាចម្រៀងស្រីជ្រកក្រោយទ្រនំផលិតកម្មរស្មីហង្សមាសអ្នកនាង ខាត់ សុឃីម បានចាប់ដៃសាងគ្រួសារជាមួយស្វាមីដែលមានអាយុតិចជាងក្តី ប៉ុន្តែគេសង្កេតឃើញថាគូស្វាមីភរិយាមួយគូរនេះ តែងតែបង្ហាញភាពផ្អែមល្ហែមឲ្យគ្នាមិនចេះរីងស្ងួត ដោយថ្មីៗក្នុងរដូវបង្ហើយពិធីបុណ្យចូលឆ្នាំប្រពៃណីយជាតិទើបតែកន្លងទៅមិនបានប៉ុន្មាន តារាស្រីរូបនេះបានបង្ហាញរូបភាពកាដូដែលស្វាមីទិញជូននៅក្នុងបណ្តាញសង្គមមានតម្លៃរាប់ម៉ឺនដុល្លា។
តារាស្រីពហុជំនាញក្រៅពីតារាចម្រៀងក៏នៅមានអាជីពជាអ្នកច្រៀងក្នុងពិធីការអ្នកនាង ខាត់ សុឃីម បានប្រាប់ ពីកាដូដែលស្វាមីបានទិញឲ្យនោះថា៖«គាត់បានទិញកងដៃ និងចញ្ចៀនធ្វើពីមាសហ្នឹងសរុបទាំងអស់១០ដំឡឹង ហើយនៅខ្សែករ និងក្រវិលពេជ្រមួយឈុតវាហ្នឹង តែបងមិនបានដឹងនោះទេថាគាត់ចំណាយអស់ប៉ុន្មាន តែប្រហែលជាអស់ច្រើនដែរ និងឡាន តែបងសុំបញ្ជាក់ថាមិនមែនឡានស៊េរីទំនើប Lexus ៥៧០ នោះទេ គឺ Lexus NX 200T»។
តារាស្រីពូកែថ្វីមាត់រូបនេះក៏បានបន្តប្រាប់ពីមូលហេតុដែលខ្លួនទទួលបានកាដូពីស្វាមីដែរថា៖«តាមពិតទៅគាត់ចង់បានកូនម្នាក់ទៀតដោយសារគ្រួសារខាងគាត់មិនសូវមានបងប្អូន តែបងអត់ចង់បានទេ ព្រោះគិតថាខ្លួនចាស់ហើយចេះតែខ្ចិល តាមដែលបងគិតគឺគាត់ចង់ទិញកាដូលួងចិត្តបងរឿងចង់បានកូនម្នាក់ទៀតហើយមើលទៅ»។
ចំណែកការងារក្នុងវិស័យសិល្បៈវិញអ្នកនាង ខាត់ សុឃីម ទើបតែបានបញ្ចប់ការថតកុនភាគឲ្យផលិតកម្មរស្មីហង្សមាសបានចំនួន២រឿង និងមានចេញបទចម្រៀងថ្មីៗជាច្រើនបទដែលបានដឹងនាំដោយតារាស្រីរូបនេះផ្ទាល់ដោយមានការអនុញ្ញាតពីផលិតកម្ម និងមានការបញ្ជាក់ពីអ្នកនាង ខាត់ សុឃីម ថាបើសិនជាមានផលិតកម្មភាពយន្តណាដែលចង់ទាក់ទងអ្នកនាងឲ្យទៅសម្តែង ឬចូលរួមក្នុងកម្មវិធីផ្សេងៗបានតារាស្រីរូបនេះនឹងទទួលគ្រប់កម្មវិធី។
អ្នកនាង ខាត់ សុឃីម និងស្វាមីលោក អ៊ិន សុផាណូ កំពុងសាងផ្ទះថ្មីនៅឯស្រុកកំណើតរបស់តារាស្រីរូបនេះផ្ទាល់នៅឯប្រសិទ្ធ ដោយអ្នកនាងបានបង្ហើបថា៖«ផ្ទះដែលបងធ្វើនេះ ទើបតែបានចាក់ដីទេ ធ្វើផ្ទះនៅប្រសិទ្ធពិតមែន ប៉ុន្តែផ្ទះនៅភ្នំពេញក៏មិនចោលដែរ គ្រាន់តែធ្វើទុកសម្រាកពេលមកម្ដងៗ ក៏មិនមានគម្រោងថាធ្វើធំអីពេកដែរ ព្រោះបងត្រូវចំណាយលុយធ្វើផ្ទះខ្លួនឯងផង និងធ្វើផ្ទះឲ្យឪពុងម្តាយបងផងដែរ»៕ Piseth – Baykdang