ភ្នំពេញៈ នៅថ្ងៃប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មម្តាយបង្កើតនាងនៅខេត្តស្វាយរៀងរបស់តារាចម្រៀងស្រីមានសមត្ថភាពខ្ពស់អាចច្រៀងបានទាំងបុរាណ និងសម័យ យ៉ាងពីរោះ កញ្ញា សួស វីសា ដែលក៏ជាថ្ងៃខួបកំណើតរបស់ខ្លួនផងនាថ្ងៃទី២០ ខែមេសា កន្លងមកនេះ ស្រាប់តែតារាសម្តែង និងពិធីកររូបសង្សាលោក ថមមី បានដកចិញ្ជៀនពេជ្រមួយវង់ជូនជាកាដូ និងស្នើសុំនាងរៀបការទាំងកណ្តាលចំណោមមនុស្សច្រើនបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។
ក្រោយពីចប់កិច្ចការនៃពិធីចម្រើព្រះជន្មម្តាយនាង ខណៈពេលរាត្រី ដែលមានការប្រគំតន្រ្តីកម្សាន្តដ៏សប្បាយនោះ ស្រាប់តែ លោក ថមមី បានលុតជង្គង់និយាយទាំងចំណោមមានមនុស្សម្នាយ៉ាងច្រើននោះថា៖ «តើអូនយល់ព្រមរៀបការជាមួយនឹងបុរស ដែលមិនសូវល្បី និងគ្មានទ្រព្យធនច្រើនដូចសេដ្ឋី ដូចជារូបបង ដែលមានចិត្តស្មោះនេះដែរឬទេ?» និងសារដោយទទួចរកចម្លើយតាមបណ្តាញសង្គមរបស់លោកដែរថា៖ « Will You Marry Me? Sous Visa, បងប្អូនចង់ដឹងចម្លើយពីគាត់ដូចខ្ញុំដែរ ឬក៍អត់?»។
ទោះបីជាតារាចម្រៀងសាច់សខ្ចីសម្ផស្សស្រស់សោភា កញ្ញា សួស វីសា ដែលឆក់បានឱកាសក្នុងតំណែងជាគ្រូបង្វឹកម្នាក់ជំនួសកន្លែងរបស់អ្នកនាង សុគន្ធ នីសា នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia នារដូវកាលទី ២ នៅទ្រនំផលិតកម្មហង្សមាស និងកំពុងតែឡើងកូដរូបនេះ មិនបានឆ្លើយតបភ្លាមៗ មែនក្តី តែគេក៏ឃើញនាងបានសារភាពទទួលយកចំណងស្នេហ៍ពីបុរសរូបនេះរួចទៅហើយ តែនៅមិនទាន់ហ៊ានតបចំពោះសំណើសុំរៀបការលោក ថមមី ប៉ុណ្ណោះ។
មួយថ្ងៃក្រោយមកគេបានឃើញសារនាងតាមហ្វេសប៊ុកសរសេរថា៖«ចង់ស្អប់ម្នាក់នឹងណាស់ ព្រោះចូលចិត្តធ្វើឲ្យខឹង ហើយពូកែខាងលួង ចង់ស្អប់ដែរតែនៅតែយកឈ្នះចិត្តខ្លួនមិនបាន! តែក៏អរគុណ សម្រាប់ថ្ងៃនេះ thanks you honey love you too!» និងសារមួយទៀតថា៖ «នាងខ្ញុំរួមទាំងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកយាយលោកតាពូមីងបងប្អូនទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីរបស់ខ្ញុំ កាលពីម្សិលមិញ យ៉ាងច្រើនកុះករ។ ជាពិសេសអរគុណដល់ពូម៉ៅ Tommy Real សម្រាប់កាដូចិញ្ជៀនពេជ្រ ទោះវាមិនមែនតម្លៃរាប់ម៉ឺនលានសែនដូចគេ តែវាមានន័យណាស់សម្រាប់ខ្ញុំ អរគុណពូម៉ៅនិង ប្អូនប្រុសស្រីរបស់ខ្ញុំដែលខំស៊ូប្រាយខ្ញុំរាល់ថ្ងៃស៊ូប្រាយទាល់តែដល់ថ្ងៃពិតប្រាកដ»៕ Piseth – Baykdang